Aaron Ramsey ឈានជិតដល់ការផ្ទេរ ទៅកាន់ក្លឹបយក្ស នៅអាល្លឺម៉ង់ហើយ

ក្លិប Bayern Munich បានឈានជិតដល់ការចុះហត្ថលេខាលើកីឡាករ Aaron Ramsey បន្ទាប់ពីមានការចរចាជាមួយខ្សែបម្រើរូបនេះ។ នេះបើតាមការរាយការណ៍ពី Metro របស់អង់គ្លេស


កីឡាករសញ្ជាតិវេលស៍រូបនេះ នឹងផុតកិច្ចសន្យានៅចុងបញ្ចប់នៃរដូវកាលនេះ និងអាចចាកចេញពីក្លឹបកាំភ្លើងធំបាន នាពេលដែលរដូវកាលដោះដូរកីឡាករបើកក្នុងខែមករានេះ ព្រោះគ្មានកិច្ចសន្យាថ្មីនឹងត្រូវបានធ្វើឡើងរវាងក្លឹប និងកីឡាករទៀតឡើយ។

Liverpool និង Chelsea សុទ្ធសឹងបានរក្សា ការចាប់អារម្មណ៍លើកីឡាករ Ramsey ប៉ុន្តែការអះអាងរបស់ Bayern បានបញ្ជាក់ពីជ័យជម្នះក្នុងការចរចាជាមួយកីឡាកររួចរាល់ហើយ។


គួរបញ្ជាក់ផងដែរថា ក្រុមយក្សនៃក្របខ័ណ្ឌ Bundesliga ក៏ធ្លាប់បានចុះហត្ថលេខាលើកីឡាករ Robert Lewandowski, Leon Goretzka និង Sebastian Rudy លើការផ្ទេរប្រាក់ដោយឥតគិតថ្លៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងមានអារម្មណ៍ថា Ramsey ក៏អាចចូលទៅកាន់ប្រទេសអាល្លឺម៉ង់ដូចគ្នាផងដែរ។


ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Bayern អាចនឹងត្រូវចំណាយប្រាក់ច្រើនគួរសមដែរ ដើម្បីទិញផ្ដាច់កុងត្រា ក្នុងខែមករានេះ ព្រោះកិច្ចសន្យាចាស់ មានសុពលភាពដល់ចុងរដូវកាលឯណោះ ខណៈដែល លោក Unai Emery ក៏បានយល់ព្រមចំពោះការសម្រេចចិត្តរបស់ក្រុមកាំភ្លើងធំ Arsenal មិនបន្តកិច្ចសន្យាថ្មីជាមួយកីឡាករ Ramsey ប៉ុន្តែនឹងបន្តប្រើប្រាស់ខ្សែបម្រើរូបនេះ សម្រាប់រដូវកាលដែលនៅសេសសល់ ៕