អតីតកីឡាករឆ្នើម Arsenal ប្រាប់ Emery ឲ្យចុះហត្ថលេខាយកខ្សែប្រយុទ្ធ Man Utd ម្នាក់ និង Barcelona ម្នាក់

យោងតាមសារព័ត៌មានរបស់អង់គ្លេស Metro បានបញ្ជាក់ថា អតីតារាឆ្នើមក្លឹបកាំភ្លើងធំ Arsenal លោក Lauren បាននិយាយថា ក្លឹបគួរតែសម្លឹងមើលការចុះហត្ថលេខា លើកីឡាករដ៏អស្ចារ្យ Anthony Martial ពីក្រុម Manchester United ។

ខ្សែប្រយុទ្ធបារាំង Martial ត្រូវបានគេរំពឹងថានឹងចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះ បន្ទាប់ពីភ្នាក់ងាររបស់គាត់បានបញ្ជាក់ថា គាត់ចង់បានការចាកចេញនិងផ្ទេរទៅកាន់ក្រុមផ្សេងវិញ។ ប៉ុន្តែកីឡាករវ័យ 22 ឆ្នាំរូបនេះ នៅតែបានរក្សាទម្រង់លេងបានល្អ ជាមួយការដឹកនាំរបស់លោក Jose Mourinho ដោយស៊ុតបញ្ចូលទីបាន 7 គ្រាប់ ក្នុង 16ប្រកួត នៅរដូវកាលនេះ។

Martial បានចូលរួមជាមួយ Man Utd ក្នុងឆ្នាំ 2015 ដោយផ្ទេរមកពីក្លឹប Monaco ហើយកុងត្រាចាស់របស់គាត់ក៏ជិតអស់សពលភាព នាពាក់កណ្ដាលឆ្នាំ ២០១៩ ខណៈពេលដែលកិច្ចសន្យាថ្មីនៅមិនទាន់យល់ព្រមចុះហត្ថលេខានៅឡើយទេ។


លោក Lauren ដែលធ្លាប់ជួយក្រុមកាំភ្លើងធំឲ្យឈ្នះពានមាស Premier League ជឿជាក់ថា លោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ គួរតែឆក់ឲ្យកាសយកកីឡាករ Martial បើសិនជាគាត់មិនបន្តកិច្ចសន្យារបស់គាត់ជាមួយបីសាចក្រហម។ នេះបើតាមបទសម្ភាសជាមួយ Sporting Bet។


ម៉្យាងវិញទៀត អតីតខ្សែការពារ វ័យ 41 ឆ្នាំ រូបនេះក៏បានណែនាំឱ្យ Arsenal ធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីចុះហត្ថលេខាលើកីឡាករ Ousmane Dembele ផងដែរ។ លោកបានបន្ថែមថា “អ្វីៗគ្រប់យ៉ាងអំពីរបៀបលេងរបស់គាត់ គឺត្រូវនឹងអ្វីដែល Arsenal ចង់បាន”៕