តោះមកមើល គូពិសេសប្រចាំសប្ដាហ៍នេះ

បន្ទប់ពីបើករដូវកាលថ្មី ក្របខ័ណ្ឌខ្លះក៏បានប្រកួតគ្នាបាន ១០ ឬក៏១១លើករួចមកហើយ។ សម្រាប់ការប្រកួតចុងសប្ដាហ៍នេះដែរ ក៏មានគូពិសេស ១គូ ដែលនឹងត្រូវចូលមកអង្រួនបេះដូងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ផងដែរ គឺនៅលើទឹកដី Emirates Stadium នៃក្របខ័ណ្ឌ អង់គ្លេស។

Arsenal vs Liverpool

ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool នារាត្រីថ្ងៃសៅរ៍នេះ សម្រាប់ការប្រកួតជុំទីមួយ រដូវកាលថ្មី។

ខ្លីៗ អំពីក្រុមកាំភ្លើង Arsenal

ចាប់តាំងពីគ្រូបង្វឹកថ្មី លោក Unai Emery មកដឹកនាំជំនួសលោក Arsene Wenger ទម្រង់លេងរបស់ Arsenal ហាក់ដូចជាប្លែកច្រើន ដោយ១០ប្រកួតសម្រាប់ ក្របខ័ណ្ឌ Premier League គឺ​ ឈ្នះ ៧ដង ស្មើ១ដង និងចាញ់២ដង (ចាញ់ក្រុមខ្លាំង Man City និងChelsea ពេលបើឆាក២ប្រកួតដំបូង) កំពុងឈរនៅលេខ ៤។

រីឯក្របខ័ណ្ឌ Europa League ក្រុមលោក Unai ធ្វើបានល្អណាស់ ដោយឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ កំពុងឈរនៅកំពូលតារាងនៃពូល E ទៀតផង។

ម៉្យាងវិញទៀត Arsenal ទើបតែឈ្នះក្រុម Blackpool ដោយលទ្ធផល 2-1 ក្នុងពានរង្វាន់ League Cup ឬCarabao Cup ដើម្បីទៅវគ្គ ៨ក្រុមចុងក្រោយ ហើយត្រូវបន្តជួបជាមួយក្រុម Tottenham Hotspur ។

 

ខ្លីៗ អំពីក្រុមហង្សក្រហម Liverpool

ក្រោមការដឹងនាំរបស់លោក Jurgen Klopp ដដែល  ក្រុម Liverpool មិនទាន់ស្គាល់ពាក្យថា ចាញ់ នៅឡើយទេ សម្រាប់ការប្រកួតទាំង១០លើកនៃក្របខ័ណ្ឌ Premier League ដោយឈ្នះ ៨ដង​ និងស្មើ២ដង (ស្មើក្រុមខ្លាំង Man City និង Chelsea) ហើយបច្ចុប្បន្នកំពុងឈរនៅលេខ ២ ស្មើពិន្ទុក្រុមលេខ១ Man City។

រីឯក្របខ័ណ្ឌ Champions League វិញ ក្រុមហង្សក្រហមក៏ធ្វើបានយ៉ាងល្អផងដែរ ដោយឈ្នះ ២ និងចាញ់១ ហើយកំពុងឈរនៅកំពូលតារាងនៃពូល C បណ្ដោះអាសន្ន។

ប្រវត្តិជួបគ្នា ៥ដងចុងក្រោយ (Arsenal ឈ្នះ ១ដង ស្មើ២ដង និងLiverpool ឈ្នះ២ដង)

22/12/2017: Arsenal 3-3 Liverpool

27/08/2017: Liverpool 4-0 Arsenal

14/08/2016: Arsenal 3-4 Liverpool

13/01/2016: Liverpool 3-3 Arsenal

04/04/2015: Arsenal 4-1 Liverpool

សម្រាប់រដូវកាលនេះវិញ យើងអាចមើលឃើញថា ក្រុមហង្សក្រហមLiverpool ហាក់ធ្វើបានល្អជាង ខណៈពេលដែលក្រុមកាំភ្លើងធំក៏កំពុងតែបង្ហាញពីភាពក្លាំងក្លាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ផងដែរ។