លោក Arsene Wenger បញ្ជាក់ពីពេលវេលាដែលមកដឹកនាំក្រុមបាល់ទាត់វិញ

នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The  Goal បានឲ្យដឹងថា អតីត​គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal លោក​ Arsene Wenger បាន​បង្ហើប​ឲ្យ​ដឹង ​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​ទូរទស្សន៍​ Sky Sports ថា​ រូប​លោក​នឹង​វិល​ចូល​មកចាប់​អាជីព​ជាគ្រូបង្វឹកក្រុមបាល់ទាត់​វិញ​នៅ​ដើម​ឆ្នាំ​ ២០១៩​នេះ​។

អ្នក​ចាត់ការ​ជនជាតិ​បារាំង​ ដែលគេតែងហៅថា “តាបារាំង” រូប​នេះ​បាន​និយាយ​ថា​៖ ” ប្រាកដ​ណាស់​! ខ្ញុំ​នឹង​ចូល​មក​ដឹក​នាំ​ក្រុម​ក្នុង​បាល់ទាត់​វិញ​នៅ​ដើម​ឆ្នាំ​ក្រោយ​។ នៅ​មួយ​រយៈពេល​នេះ​ ខ្ញុំ​បាន​សម្រាក ​ហើយ​ក៏បានទស្សនា​បាល់ទាត់ជា​ច្រើនផងដែរ​ ” ។

បុរស​វ័យ​ ៦៩​ឆ្នាំ​រូប​នេះ​បាន​បន្តទៀត​ថា​៖ ” ខ្ញុំ​និយាយ​ច្រើន​ដង​ហើយ​ថា​ ដឹកនាំ​នៅ​ក្រុម​នៅអង់គ្លេស​មិនមែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​បាន​ដឹក​នាំ​ក្លឹប​តែ​មួយ​(Arsenal) អស់​ច្រើន​ឆ្នាំ​ហើយ​ អញ្ចឹង​ខ្ញុំ​គិត​ថា​ដឹកនាំ​នៅ​ក្រៅ​ពី​អង់គ្លេស​មាន​ភាគរយ​ច្រើន​ជាង។ តែ​ខ្ញុំ​អត់​ទាន់​ដឹង​ថា​ ខ្ញុំ​នឹង​ទៅ​ដឹក​នាំ​នៅ​ទីណា​ទេ ” ។

កាលពីប៉ុន្មានសប្ដាហ៍មុន​ ក៏មានព័ត៌មានរបទេសជាច្រើន បានបង្ហាញថា លោក Arsene Wenger នឹងទៅដឹកនាំក្រុម Bayern Munich ជំនួសលោក Niko Kovač ដែលជាអ្នកចាក់ការបច្ចុប្បន្ន។ ខណៈពេលដែលខ្លះទៀតថា នឹងទៅដឹកនាំនៅអេស្បាញ អាចជាក្រុម Barcelona ឬReal Madrid ជាដើម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Arsene Wenger បានចាប់ផ្ដើមអាជីបជាអ្នកចាក់ការទូទៅ ក្នុងឆ្នាំ 1984–1987 ដោយដឹកនាំក្រុម Nacy, ឆ្នាំ1987–1994 ដឹកនាំក្រុម Monaco, ឆ្នាំ1995–1996 ​ដឹក​នាំ​ក្រុម Nagoya Grampus Eight និងចុងក្រោយ ឆ្នាំ 1996–2018 ដឹកនាំក្រុម​កាំភ្លើង​ធំ Arsenalអស់​រយៈពេល​ជាង​ ២២​ឆ្នាំ​ មុន​នឹង​ការ​លាលែង​នៅចុងរដូវកាលមុន៕