Chelsea ចុះកុងត្រាអ្នកចាំទីថ្មី ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកបច្ចុប្បន្ន

តាមប្រភពព័ត៌មានដែលចេញដោយក្លឹបតោខៀវ Chelsea បានឲ្យដឹងថា ក្លឹបបានសម្រេចទិញយកអ្នកចាំទី Kepa Arrizabalaga ពីក្លឹប Athletic Bilbao ក្នុងតម្លៃផ្ដាច់កុងត្រា £៨០ លានអឺរ៉ូ (ប្រមាណ $៩២ លានដុល្លារសហរដ្ឋអាមេរិក)។

តួលេខនេះ ធ្វើឲ្យកីឡាកររូបនេះ ក្លាយជាអ្នកចាំទីថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ បំបែកកំណត់ត្រាអ្នកចាំទីប្រេស៊ីល Allisson ដែល Liverpool បានផ្ទេរពី Roma ក្នុងតម្លៃ £ ៦៥ លានផោន (ឬ $៨៥ លានដុល្លារសហរដ្ឋអាមេរិក)។

ចំណែកឯក្លឹប Athletic Bilbao ក៏បានចេញមុខបញ្ជាក់ហើយ ថាពិតជាការមានទិញផ្ដាច់កុងត្រាកីឡាករ Kepa ពិតមែន។ បើតាមការចុះផ្សាយរបស់ Marca ភ្នាក់ងារអ្នកចាំទី តំណាងឲ្យ Chelsea និងភាគីពាក់ព័ន្ធមួយចំនួនទៀតកំពុងតែធ្វើការ តាមនីតិវិធីនៃការផ្ទេរ ដើម្បីបានរួចរាល់មុនពេលបិទរដូវកាលប៉ុន្មានថ្ងៃខាងមុននេះ។

បច្ចុប្បន្នកីឡាករ Kepa កំពុងធ្វើការពិនិត្យសុខភាព រួចនឹងចុះកុងត្រាផ្លូវការជាមួយតោខៀវ ប្រសិនបើគ្មានបញ្ហាអ្វីនោះទេ ។ ក្នុងអំឡុងពេលពីររដូវកាលចុងក្រោយ នៅ Athletic Bilbao កីឡាករ Kepa លេងបានសរុប ៥៤ ប្រកួត។

គួរបញ្ជាក់ផងដែរថា ក្លឹបតោខៀវ Chelsea កំពង់តែមិនទាន់ប្រកដអំពីអនាគតរបស់អ្នកចាំទីបែលហ្សិក Thibaut Courtois ដែលមិនទាន់យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹបនៅឡើយទេ ហើយប្រហែលទំនងជាអាចនឹងចូលរួមជាមួយក្លឹប Real Madrid នៅពេលឆាប់ៗខាងមុខ ព្រោះធ្លាប់មានការបញ្ជាក់ពី ភ្នាក់ងារផ្ទាល់របស់គាត់ ថា Courtois ចង់វិលត្រលប់ទៅ អេស្បាញវិញ ជាកន្លែងដែលកូនៗគាត់កំពុងរស់នៅ ។

ម៉្បាងវិញទៀត អ្នកចាត់ការថ្មី Chelsea លោក Maurizio Sarri បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ទុកតែកីឡាករណាដែលមានទឹកចិត្តចង់លេងឲ្យក្លឹបប៉ុណ្ណោះ ៕

Leave A Comment

Your email address will not be published. Required fields are marked *