Man Utd ទិញបានកីឡាករវ័យក្មេងម្នាក់ ខណៈរាមច្បង២នាក់ទៀតចាកចេញ

នេះបើតាមការបង្ហោះលើ Twitter ផ្លូវការរបស់ក្លឹប Manchester United និងសារព័ត៌មានបរទេសជាច្រើនបានបញ្ជាក់ថា Manu Utd បាន​សម្រេច​ការ​ទិញ​កីឡាករ​ដំបូង​ក្នុងអំឡុង​ពេល​ដោះ​ដូរ​កីឡាករ​លើក​នេះ ដោយ​បាន​ចុះ​កុងត្រា​ទិញ​កីឡាករស្លាប​របស់​ក្លឹប Swansea City គឺ​កីឡាករ Daniel James ក្នុង​តម្លៃ​ផ្ទេរ​ដែល​មាន​សេចក្ដី​រាយការណ៍​បាន​លើក​ឡើង​ថា​ស្មើ​នឹង ១៨លាន​ផោន។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានបញ្ចប់ការធ្វើតេសសុខភាពរួចរាល់ហើយ និងត្រូវបង្ហាញខ្លួនផ្លូវការឲ្យ Man Utd នាសបា្ដហ៍ក្រោយបន្ទាប់ពីគ្រប់យ៉ាងត្រូវបានបញ្ចប់ជាស្ថាពរ។ មាន​សេចក្ដី​រាយការណ៍​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ បានលើ​ក​ឡើងថា​ James បាន​បដិសេធ​សំណើរ​របស់​ក្លឹប​ជា​ច្រើន​ដើម្បី​ទទួល​យក​ការ​ផ្ទេរ​មក​លេង​នៅ​ទឹកដី​ Old Trafford។

James រក​បាន​គ្រាប់​បាល់​ ៤គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ ៣៨លើក​​​ឱ្យ​ក្លឹប Swansea កាល​ពី​រដូវកាល​មុន និង​រក​បាន​គ្រាប់​បាល់​ដំបូងឱ្យជម្រើសជាតិ Wales ​​ក្នុង​ជម្រើស​ ១១នាក់​ដំបូង​ពេលដែល ​ក្រុម​វ៉េល​ប្រកួត​ជាមួយ​ក្រុម​ស្លូ​វ៉ា​គី។

គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលថ្មីនេះ ក្លឹបបីសាចក្រហមបានអនុញ្ញាតិឲ្យកីឡាករសំខាន់២រូបចាកចេញបន្ទាប់ពីកុងត្រារបស់ពួកគេត្រូវបានបញ្ចប់ មានកីឡាករ Ander Herrera និងកីឡាករ Antonio Valencia ៕