Dead Elephant and Wolf, ខ្មោចដំរីសារ និងចចក

រឿងខ្មោចដំរីសារនិងចចក – គតិអប់រំ

មានរឿងនិទានបែបអប់រំមួយដំណាលថា មានសត្វចចកមួយ ដើរស្វែងរកអាហារបរិភោគ លុះដើរដល់ទីព្រៃជ្រៅ បានឃើញខ្មោចដំរីសារ១ដួលស្លាប់ហើមប៉ោងនៅខាងព្រៃដង្គុំ ទើបចចកកើតសេចក្ដីលោភគិតថា លាភអញមកដល់ហើយតើ ថ្ងៃនេះអញបានចំណីយ៉ាងសន្ធឹកអាស្រ័យ ៤-៥ថ្ងៃក៏ពុំអស់ បើដូច្នេះគួរអញកាត់វច្ចមគ្គ(ទ្វារធំ) ស៊ីរូងចូលទៅក្នុងពោះដំរីអាស្រ័យគ្រឿងក្នុងអស់កាលណា សឹមអញចេញមកអាស្រ័យសាច់ខាងក្រៅវិញ។

គិតតហើយចចកក៏កាត់ទ្វារធំសាកសពដំរីនោះ រូងចូលទៅក្នុងពោះដំរី នៅសំងំស៊ីគ្រឿងក្នុងអស់រយៈពេល២-៣ថ្ងៃ។ ឯសាកសពដំរីនោះ កាលត្រូវថ្ងៃក្ដៅខ្លាំងក៏ប្រែជាស្វិតរឹងទាំងទ្វារធំនោះបិទជិតចូលជាមួយគ្នាទៅ។ ឯចចកនៅក្នុងពោះដំរីនោះ នឹងរកច្រកចេញមកខាងក្រៅពុំបាន ក៏តាំងថប់ដង្ហើម បាននូវសេចក្ដីទុក្ខវេទនានៅក្នុងពោះដំរី២-៣ថ្ងៃថែមទៀតស្ទើរតែនឹងស្លាប់នៅក្នុងពោះដំរីនោះ។ ដោយសេចក្ដីភ័យខ្លាចផង ក៏លែងបរិភោគកើតចិត្តលែងសប្បាយត្រែកអរ មានខ្លួនចុះស្គមផង។ លុះដល់មានភ្លៀងមួយមេយ៉ាងខ្លាំង សាកសពនោះក៏មានសភាពទន់ ទ្វាធំដំរីក៏រីកប៉ោងឡើង ចចកក៏បានប្រឹងសម្រុកយ៉ាងខ្លាំងចេញតាមទ្វារធំមកខាងក្រៅបាន។

កាលដែលចចកនោះចេញមកដល់ក្រៅហើយក៏គិតថា អញប៊ិះតែនឹងស្លាប់ នោះក៏ដោយសារសេចក្ដីលោភលន់របស់អត្មាអញ ដែលមិនដឹងប្រមាណក្នុងការបរិភោគ រវល់សប្បាយភ្លើតភ្លើន គ្មានសតិសម្បជញ្ញៈនិងការពិចារណាឲ្យបានល្អិតល្អន់។ ចាប់ពីថ្ងៃនេះទៅ អញនឹងមិនចូលក្នុងពោះដំរីទៀតឡើយ៕

Leave A Comment

Your email address will not be published. Required fields are marked *