Didier Drogba ប្រាប់ឈ្មោះកីឡាករដែលគាត់ចូលចិត្តលេងជាមួយ

ខ្សែប្រយុទ្ធក្រុមតោខៀវ Didier Drogba បានសារភាពថា កីឡាករ Frank Lampard គឺជាមិត្តរួមក្រុមដែលគាត់ចូលចិត្ត អំឡុងពេលលេងឱ្យក្លឹបនៅតោខៀវ Chelsea ទឹកដី Stamford Bridge ។

កីឡាករសញ្ជាតិកូតឌីវ័រ បានប្រកាសចូលនិវត្តន៍ ពីកីឡាបាល់ទាត់កាលពីដើមសប្តាហ៍នេះ ដោយបានបញ្ចប់អាជីពដែលពោរពេញដោយពានរង្វាន់ដែលធ្លាប់បានឈ្នះ ជាពិសេសកំឡុងពេលវេលារបស់គាត់នៅជាមួយ Chelsea ។

គួរបញ្ជាក់ផងដែរថា Drogba បានចាកចេញពី Chelsea កាលពីឆ្នាំ 2012 ក្រោយពីស៊ុតបញ្ចូលទីបានសម្រេច បាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Bayern Munich ប៉ុន្តែបានចូលរួមជាមួយក្លឹបវិញ ពីរឆ្នាំក្រោយមក និងបានឈ្នះពានរង្វាន់ជើងឯកលើកទី 4 របស់គាត់ជាមួយក្លិប ក្រោមការដឹកនាំរបស់លោក Jose Mourinho ។


កីឡាករវ័យ 40 ឆ្នាំរូបនេះ ធ្លាប់បានលេងជាមួយកីឡាករ Michael Ballack, Arjen Robben និង John Terry នៅភាគខាងលិចនៃទីក្រុងឡុងដ៍ តែកីឡាករ Drogba មានបានបញ្ជាក់ថា Lampard គឺជាកីឡាករដែលគាត់ចូលចិត្តលេងជាមួយច្រើនជាងគេ។

Drogba បានប្រាប់អ្នកគាំទ្រតោខៀវ Chelsea នៅទីក្រុងតូក្យូថា “មានអ្វីមួយដែលខ្ញុំនឹងប្រាប់អ្នកទាំងគ្នាបាន គឺភាគច្រើននៃគ្រាប់បាល់របស់ខ្ញុំ បានមកពី Frank Lampard ហើយកាលណោះ ជារៀងរាល់ថ្ងៃបន្ទាប់ពីការហ្វឹកហាត់ យើងបានចំណាយពេលជាមួយគ្នាលើទីលាន ដើម្បីអនុវត្តន៍បន្ថែម ព្យាយាមស្វែងយល់ ដើម្បីឲ្យកាន់តែងាយស្រួល។ ដូច្នេះយើងបានព្យាយាមអនុវត្តន៍បច្ចកទេសថ្មីៗ ហើយនោះជារបៀបដែលយើងរីកចម្រើន និងប្រកួតប្រជែងគ្នាដើម្បីរកគ្រាប់បាល់ ជាពិសេសខ្ញុំបានរៀនសូត្រច្រើនពីគាត់”៕