រឿងស្រមោច និងរៃ

រឿង​ស្រមោច និងរៃ – គតិអប់រំ

រឿងនិទានមួយដំណាលថា រៃជាសត្វកម្ជិល ដល់រដូវកាលខែពិសាខ ជេស្ឋ អាសាធ ជាវស្សានរដូវ ក៏ហើរច្រៀងលេងតាមអំពើចិត្ដខ្លួន ពុំគួរខ្វល់ខ្វាយនឹងរកស្បៀងអាហារទុកដាក់សំរាប់ខ្លួនឯងឡើយ។ មានសត្វស្រមោចមួយពួក ជាសត្វឧស្សាហ៍ពាំនាំស្រូវអង្ករទុកដាក់ក្នុងសំបុកខ្លួន គិតក្រែងក្ដីក្រទៅថ្ងៃក្រោយ។

ថ្ងៃមួយរៃ បានចចារជាមួយស្រម៉ោចថា៖

រៃ៖ នែ៎បងស្រមោច បងឯងប្រឹងម្លឹងៗបានប្រយោជន៍អី ម៉េចមិនគិតច្រៀងរាំលេងសប្បាយដូចពួកខ្ញុំទៅ (ស្រមោចមិនតបឡើយ)

រៃបន្ត៖ បងឯងមើលពួកខ្ញុំនែ ច្រៀងរាំសប្យាយណាស់ ហើយមិនចាំបាច់ប្រឹងប្រែងឡើងតត្រុកដូចពួកបងឯងទេ។

ant-and-grasshopper

លុះដល់រដូវភ្លៀងជោគជាំ សត្វរៃនោះរកអាហារបរិភោគគ្មាន កើតក្ដីឃ្លានចំណីក្រៃពេក ទើបហើរទៅរកស្រមោចហើយនិយាយថា សំលាញ់អើយ! ខ្លួនអញនេះពុំមានអ្វីអាស្រ័យឡើយ ព្រោះខែនេះភ្លៀងជោគជាំណាស់ នឹងចេញស្វែងរកអាហារពុំបាន យើងមកនេះប្រាថ្នានឹងសូមខ្ចីអង្ករសំលាញ់អាស្រ័យសិន ទំរាំដល់ខែប្រាំងរាំងកាលណា នឹងរកសងសំលាញ់ឯងវិញ ចូរសំលាញ់ មេត្តាអាណិតជួយយើងអោយផុតអំពីក្ដីក្រម្ដងនេះផងចុះ។

ឯស្រមោចលឺដូច្នោះ ក៏តបទៅថា «អើរៃ កាលអំពីដើមឆ្នាំខែប្រាំងរាំងរិះនោះ រវល់តែនឹងហើរទំដោយឈើព្រៃ ស្រែកច្រៀងលេងតាមអំពើចិត្ដ ដោយពុំគិតរកស្បៀងទុកនោះឡើយ ចឹងពេលនេះចូរអ្នកឯងដែលធ្លាប់ច្រៀងយ៉ាងណា ឥលូវនេះចូរអ្នករកទំនុកច្រៀងលេងទៅទៀតទៅ វិស័យអ្នកច្រៀងរាំហើយ ត្រូវតែយើងច្រៀងរាំទៅកុំឈប់ ល្បែងច្រៀងរាំនេះជាប្រយោជន៍ចិញ្ចឹមជីវិតរបស់អ្នកហើយអញ្ជើញច្រៀងទៅទៀតមើល ខ្ញុំនេះនឹងស្ដាប់ផង»។

ឯរៃឆ្លើយតបថា «អោ! សំលាញ់អើយ គ្នាអត់បាយស្ទើរតែដាច់ពោះស្លាប់ហើយ តើនឹងទៅច្រៀងរាំឯណាបាន ចូរសំលាញ់បែងចែកអង្ករអោយខ្ចីបានអាស្រ័យខ្លះទៅអេះ»។ ស្រមោចតបថា « អង្ករស្រូវរបស់យើងក៏មានខ្លះដែរ តែយើងទុកល្មមតែកូនចៅញាតិផៅរបស់ជាជាតិដូចគ្នា នឹងបានមានច្រើនអាចផ្សាយដល់អ្នកឯងផងនេះពុំបានទេ អ្នកឯងទៅរកខ្ចីគេឯងទៀតទៅ»។ ឯរៃបានលឺស្រមោចពោលកាត់ដូច្នោះក៏ទាល់បញ្ញា ទើបហើរចេញចាកពីទីនោះឆ្ពោះទៅកាន់លំនៅនៃអាត្មា ដោយក្ដីវេទនាអត់អាហាររកបានដោយកម្រ ខំត្រដរអត់ឃ្លានតាមនិស្ស័យទៅហោង។

(មើលឃើញគេប្រឹងថាមិនល្អ មើលងាយអ្នកតស៊ូមិនអាក់ មិនចេះសប្បាយស្ដាយលុយកាក់ ខំប្រឹងរកប្រាក់ទុកទៅណា។
មិនទាន់ដល់ភ័យនៅមិនដឹង លុះដល់ពេលហ្នឹងពឹងនរណា បើឯងមិនចេះប្រើអាត្មា តើមានទេវតាណាមកជួយ៕)

Leave A Comment

Your email address will not be published. Required fields are marked *