Eden Hazard ចង់បានការសន្យាមួយពីក្លឹប Real Madrid មុនបង្ខំចិត្តចាកចេញពី Chelsea

តាមរបាយការណ៍របស់ Telegraph បានឲ្យដឹងថា Eden Hazard ចង់ឱ្យក្រុម Real Madrid សន្យាថា ពួកគេត្រូវតែរៀបចំកញ្ចប់ប្រាក់ដ៏ធំមួយ សម្រាប់ការផ្លាស់ប្ដូររូបគាត់នៅរដូវក្តៅខាងមុខនេះ មុនពេលគាត់ប្រាប់ Chelsea ថាគាត់នឹងចាកចេញ។

កីឡាករខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ បានរកគ្រាប់បាល់ស៊ុតបញ្ចូលទីនៅ Premier League បានចំនួន ៧គ្រាប់ហើយ នារដូវកាលនេះ បន្ទាប់ពីត្រូវបានគេហាមឃាត់មិនឱ្យចាកចេញពី Stamford Bridge ។ Hazard បានក្លាយជាកីឡាករដ៏ឆ្នើមម្នាក់ក្នុងចំណោមកីឡាករល្អបំផុតក្នុងលោក ក្នុងអំឡុងពេលលេងឱ្យ Chelsea និងបានឈ្នះពាន Premier League ពីរដង FA Cupមួយដង និង Europa League មួយដង ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

ប៉ុន្តែគាត់បានសុបិនចង់លេងឱ្យក្លឹប Real Madrid តាំងពីគាត់នៅក្មេងមកម្ល៉េះ ហើយបានបង្ហាញនៅសប្តាហ៍នេះថា គាត់ពិតជាចង់ទៅចូលរួមជាមួយក្លិបយក្សអេស្បាញ។ គាត់និយាយថា “ជួនកាលនៅក្នុងក្បាលខ្ញុំ ពេលខ្ញុំភ្ញាក់ពីដំណេកហើយគិតថាខ្ញុំចង់ទៅ ជួនកាលខ្ញុំគិតថា ខ្ញុំចង់ស្នាក់នៅទីនេះបន្ត។ វាគឺពិតជា ការសម្រេចចិត្តដ៏លំបាក … វាគឺជាអនាគតរបស់ខ្ញុំ” ។

យោងទៅតាម Daily Telegraph ដដែលបានបញ្ជាក់ថា Hazard ចង់បានសញ្ញាមួយច្បាស់លាស់ចេញពីក្លិប Real Madrid មុនពេលធ្វើការសំរេចចិត្តលើអនាគតរបស់គាត់។ ហើយបើ Real ពិតជាចង់បាន Harzard មែននោះ គាត់នឹងមិនបន្តកុងត្រាថ្មីឡើយ ដែលកុងត្រាចាស់របស់គាត់ជាមួយក្លឹបនៅប្រហែលតែ១ឆ្នាំទៀតតែប៉ុណ្ណោះ។ ប៉ុន្តែ Telegraph និយាយថា Hazard មិនចាប់អារម្មណ៍ក្នុងការចាកចេញពីក្រុមតោខៀវ ទៅកាន់ក្លឹបដទៃក្រៅពីក្លឹប Real Madrid ទេ នោះមានន័យថាក្រុមតោខៀវ នៅតែអាចរក្សាកីឡាករវ័យ 27 ឆ្នាំនេះបាន ប្រសិនបើចំណាប់អារម្មណ៍របស់ Real ពិតជាបានផ្លាស់ប្តូរ៕

Leave A Comment

Your email address will not be published. Required fields are marked *