Klopp អាចនឹងត្រូវហាមឃាត់មិនឲ្យចូលរួម១ប្រកួត ក្នុងក្របខ័ណ្ឌ UEFA Champion League បន្ទាប់ពី…

លោក Jurgen Klopp អាចត្រូវបានហាមមិនឱ្យចូលរួម ក្នុង១ប្រកួត ដោយUEFA ក្រោយពីធ្វើការរិះគន់ចំពោះអាជ្ញាកណ្ដាល លោក Szymon Marciniak បន្ទាប់ពីការបរាជ័យរបស់ Liverpool ដោយថ្វីដៃក្រុម Paris Saint-Germain ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃពុធនេះ។


គួរបញ្ជាក់ផងដែរថា ហង្សក្រហម Liverpool បានចាញ់ 2-1 នៅឯទឹកដី Parc des Princes ហើយសម្រាប់ការប្រកួតលើកក្រោយ ក្រុមលោក Klopp ត្រូវតែផ្តួល Napoli ដាច់ខាត ដើម្បីឈានដល់ការប្រកួតវគ្គជម្រុះក្របខ័ណ្ឌ Champions League ។


Klopp បានខឹងយ៉ាងខ្លាំងជាមួយនឹងលោក Marciniak សម្រាប់ការកាត់ក្ដីក្នុងការបរាជ័យរបស់ Liverpool និងបានអះអាងថាមន្ត្រីប៉ូឡូញរូបនេះ មិនបានរៀបចំឲ្យល្អ សម្រាប់ការទទួលបន្ទុកលើការប្រកួតបែបនេះ។ Klopp បានប្រាប់ Viasport ថា: “យើងទទួលបានបាល់ពិន័យជាការពិត តែអាជ្ញាកណ្ដាលហាក់មិនចង់ផ្តល់វាមកឲ្យយើងទេ ខ្ញុំមិនដឹងថាតើវាអាចទៅរួចនោះទេ។ ហើយនេះវាគួរតែមានកាតក្រហម ច្បាស់លាស់ណាស់នៅពីមុខខ្ញុំ ចំពោះMarco Verratti របស់ PSG។

បច្ចុប្បន្ន UEFA កំពុងដាក់ការស៊ើបអង្កេតបន្ថែម សម្រាប់ករណីលោក Klopp ចំពោះការរិះគន់ទៅលើអាជ្ញាកណ្ដាលយ៉ាងខ្លាំងបែបនេះ និងឈានដល់ការហាមមិនឲ្យចូលរួមក្នុងការប្រកួត ១ប្រកួតទៀតផង។


កាលពីកន្លងទៅ UEFA ក៏បានធ្លាប់ដាក់បម្រាមលើលោក Pep Guardiola ពីការប៉ះទង្គិចគ្នាជាមួយក្រុម Lyon កាលពីខែកញ្ញាក្រោយពីលោកបានប្រឈមមុខជាមួយអាជ្ញាកណ្តាល ហើយត្រូវអវត្តមានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជាមួយក្រុម Liverpool កាលពីរដូវកាលមុន។


ទន្ទឹមនឹងនេះដែរអ្នកចាំទី Gianluigi Buffon ត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតចំនួន 3 ប្រកួត ដោយការសម្រេចចិត្តរបស់ UEFA សម្រាប់ការរិះគន់យ៉ាងខ្លាំងទៅលើ លោកអាជ្ញាកណ្តាល Michael Oliver បន្ទាប់ពីក្លឹប Juventus បានធ្លាក់ចេញដោយថ្វីដៃ Real Madrid កាលពីខែមេសា៕