ដឹងអត់ថា Chelsea ត្រូវចំណាយប៉ុន្មានដើម្បីយក Lampard មកដឹកនាំតោខៀវបាន?

អ្នកគាំទ្រ​នៃក្លឹប​តោខៀវ Chelsea កំពុងតែទន្ទឹងរង់​ចាំ គ្រូវបង្វឹកថ្មី ហើយពួកគេក៏ចង់បានការវិល​ត្រឡប់​មកវិញ​របស់​ Frank Lampard ផងដែរ។ ខ្សែបម្រើ​អង់គ្លេស​រូបនេះ បានចាក​ចេញ​ពីក្រុម​តោខៀវ​នៅឆ្នាំ ២០១៤ ហើយក៏ធ្លាប់ឈ្នះពានជាច្រើនជាមួយក្លឹបមួយនវផងដែរ ជាពិសេសពាន UEFA Champions League កាលពីឆ្នាំ 2012។

តាមការចុះផ្សាយរបស់ FOX Sports បានឲ្យដឹងថា ពេល​នេះ​ Chelsea ​កំពុង​ចរចាគ្នាជាមួយក្លឹប Derby Country ដោយហ៊ាន​ចំណាយ ៤លាន​ផោន​ដើម្បី​ផ្តាច់​កុងត្រា​របស់​ក្លឹប​ជាមួយនឹង​ Lampard។

អ្នកចាត់​ការ​សញ្ជាតិ​អង់គ្លេស​រូបនេះ ត្រូវគេ​រំពឹង​ថា​នឹង​មក​ដឹកនាំ​ក្លឹប​តោខៀវ​ដែលជាកៅអីក្ដៅប៉ុន្មានរយៈចុងក្រោយនេះ ហើយកំពុង​នៅទំនេរក្រោយការ​ចាក​ចេញ​យ៉ាង​ឆាប់រហ័ស​របស់​លោក Maurizio Sarri ទៅកាន់​ក្លឹប​ Juventus ។ លោក​ Sarri ដឹកនាំក្រុម​នេះបានតែ ១ រដូវកាល​ ក៏ស្រាប់​តែ​ចាក​ចេញទៅ ដោយក្លឹប​យក្ស​អុីតាលី ហ៊ាន​ចំណាយ​លុយ ៥លាន​ផោន ដើម្បីទិញ​ផ្តាច់​កុង​ត្រា​លោក Sarri ជាមួយក្រុម​តោខៀវ​ទៀត​ផង។

កាលពីពេល​ថ្មីៗនេះ Chelsea ទើប​តែបាន​ប្រកាស​ការ​វិលមក​វិញ​នូវ​វីរបុរស​របស់ក្លឹប​គឺ Petr Cech ដែល​មក​ចូល​រួមក្នុងនាមជា ទីប្រឹក្សា​បច្ចេក​ទេស និង​គុណភាព។ ទន្នឹម​នឹង​នេះដែរ ក៏មានពាក្យចចាមអារ៉ាម​ថា លោក Claude Makelele ក៏នឹង​ត្រឡប់​មក​ទឹក​ដី​ Stamford Bridge វិញដែរ ដើម្បី​មក​មើល​ការខុសត្រូវ​ក្រុម។ បើ​ព័ត៌មាន​នេះជាការពិត​មែន នោះ​មានន័យថា Chelsea កំពុង​រុះរើ​ផ្នែកសំខាន់​ៗ​របស់ខ្លួន​ផងដែរ។

ក្រុម​តោខៀវ​នឹង​ត្រៀម​ខ្លួន​ទៅជួប​ក្រុម​បីសាចក្រហម​សម្រាប់​ការ​ចាប់​ផ្តើម​រដូវកាល​ថ្មី​នៅថ្ងៃទី ១១ ខែ សីហា ខាងមុខ​នេះហើយ នៅទឹកដី Old Trafford៕