Messi ប្រាប់ឈ្មោះខ្សែប្រយុទ្ធឆ្នើម២នាក់ ដែលចង់ឲ្យ Barcelona ចុះហត្ថលេខា

បច្ចុប្បន្នក្លឹបយក្សអេស្បាញទាំងពីរ Barcelona និង Real Madrid កំពុងស្វែងរកកីឡាករថ្មី ដើម្បីយកមកជួសជុលកន្លែងខ្វះខាត ខណៈពេលដែល ខ្សែប្រយុទ្ធឆ្នើម កីឡាករ Lionel Messi បានបង្ហើបប្រាប់ឈ្មោះកីឡាករ ២រូប ដែលចង់ឲ្យក្លឹប Barcelona ចុះហត្ថលេខាក្នុងពេលឆាប់នេះ។ នេះបើតាម Skysports


កីឡាករទាំង២ មាន Eden Hazard របស់ក្លឹប តោខៀវ Chelsea ឬក៏កីឡាករ Mohamed Salah របស់ក្លឹប ហង្សក្រហម Liverpool ដើម្បីមកជំនួសកន្លែង Ousmane Dembele ឬអាចនិយាយបានថា ជាកន្លែងរបស់ Neymar ស្របពេលដែលទីផ្សារដោះដូរកីឡាករ សម្រាប់រដូវរងាក៏នឹងមកដល់នៅរវាងជាង១ខែខាងមុខ។


ម៉្យាងវិញទៀត Lionel Messi ក៏បានរាយឈ្មោះខ្សែការពារ ២រូប ដែលតារាឆ្នើមអាហ្សង់ទីនចង់ឱ្យ Barcelona ចុះហត្ថលេខា នៅរដូវក្តៅខាងមុខនេះផងដែរ រួមមាន៖ ខ្សែការពារ Monaco កីឡាករ Djibril Sidibe និងខ្សែការពារកណ្តាលរបស់ Ajax កីឡាករ Matthijs de Ligt ។


បើទោះបីជាបែបនេះក្តី Barcelona ធ្លាប់បាននិយាយថា ពួកគេមិនមានបំណងលក់ Dembele ឡើយ។ Dembele ហាក់មិនត្រូវបានលោក Ernesto Valverde ផ្តល់ទំនុកចិត្តគ្រប់គ្រាន់ចាប់តាំងពីផ្ទេរពីក្រុម Borussia Dortmund ក្នុងតម្លៃ ១០៥ លានអឺរ៉ូ (ប្រហែល ១២០ លានដុល្លារ) កាលពីរដូវក្តៅឆ្នាំ ២០១៧ ដើម្បីជំនួស Neymar៕