Liverpool ប្រកាសដាក់លក់កីឡាករ២រូបនារដូវក្ដៅនេះ

ហង្សក្រហម Liverpool បានប្រកាសដាក់លក់កីឡាករ២រូប គឺកីឡាករ Ryan Kent និងកីឡាករ Dejan Lovren។

កីឡាករខ្សែបម្រើ Ryan Kent វ័យ 22 ឆ្នាំរូបនេះ ត្រូវបានក្រុមហង្សក្រហម បានដាក់ឲ្យក្លឹបផ្សេងៗខ្ចីជើងអស់រយៈពេល ៤រដូវកាលរួចមកហើយ គឺចាប់តាំងពីឆ្នាំ ២០១៥មកម្លេះ ហើយរដូវកាលមុននេះបានឲ្យក្លឹប Rangers ខ្ចីជើងពេញ១រដូវកាល ប៉ុន្តែក្លឹមមួយនេះហាក់មិនចង់បានកីឡាករវ័យក្មេងនេះជាអចិន្ត្រៃន៍ទេ ហើយគាត់ប្រហែលជានឹងបន្តនៅ Anfield បន្តទៀត។

ដោយទម្រង់លេងរបស់ Ryan Kent ហាក់មានការចាប់អារម្មណ៍ច្រើន ដូចនេះហង្សក្រហម Liverpool បានដាក់តម្លៃ 12 លានផោន (15,3 លានដុល្លារអាមេរិក) សម្រាប់តម្លៃផ្ទេរកីឡាករ Ryan Kent នៅរដូវក្តៅនេះ ដោយមិនចង់ឲ្យក្លឹបណាខ្ចីជើងទៀតឡើយ។ កាលពីពេលដែលខ្ចីជើងទៅលេងនៅ Ranger កីឡាករ Kent ត្រូវបានគេបោះឆ្នោត ជាប់ជាកីឡាករក្មេងឆ្នើមប្រចាំឆ្នាំរបស់ស្កុតឡេនដែលបានបង្ហាញខ្លួន 43 ដងឱ្យក្រុមរបស់លោក Steven Gerrard ដោយរកបាន 6 គ្រាប់។


ម្យ៉ាងវិញទៀត Liverpool ក៏នឹងអនុញ្ញាតឱ្យ Dejan Lovren ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនពីក្លឹបណាមួយក្នុងទឹកប្រាក់ចំនួន 25 លានផោន (32 លានដុល្លារ) នេះបើយោងតាមកាសែត The Times ។ ក្លិបហង្សក្រហមមិនមានបំណងបង្ខំអោយកីឡាករសញ្ជាតិក្រូអាតនេះចាកចេញទេ ប៉ុន្តែក្លឹប AC Milan ត្រូវបានគេគិតថាកំពុងចាប់អារម្មណ៍លើការផ្ទេរមួយនេះ។


គួរបញ្ជាក់ផងដែរថា Lovren បានលេងតែ 18 ប្រកួតប៉ុណ្ណោះ សម្រាប់ការប្រកួតទាំងអស់របស់ Liverpool កាលពីរដូវកាលមុន៕