ខ្សែបម្រើកណ្ដាលរបស់ Southamton ចង់ចេញ ខណៈ Man Utd និង Arsenal ចង់បាន

ខ្សែបម្រើកណ្ដាល Mario Lemina បានបញ្ជាក់ថា គាត់ចង់ចាកចេញពីក្លឹប Southampton នៅរដូវក្តៅនេះ ហើយបាននិយាយពីចំណាប់អារម្មណ៍ដែលចង់មកចូលរួមជាមួយ Arsenal ឬ Manchester United ទៀតផង។ នេះបើតាមការចុះផ្សាយរបស់ Metro អង់គ្លេស

កីឡាករវ័យ 25 ឆ្នាំរូបនេះបានចំណាយពេលពីររដូវកាលនៅ Southampton ប៉ុន្តែបានប្រាប់ក្លឹបថា គាត់ចង់ចាកចេញរដូវក្តៅនេះ និងមិនបានចូលរួមក្នុងជំរុំហ្វឹកហាត់នៅប្រទេសអូទ្រីសនោះទេ។ រីឯក្លិប Southampton ក៏បានបើកទីផ្សារលក់ខ្សែបម្រើរូបនេះដែរ ប៉ុន្តែកំពុងទាមទារយ៉ាងហោចណាស់ 18 លានផោនសម្រាប់តម្លៃផ្ដាច់កុងត្រា។

Lemina បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសហព័ន្ធកីឡាបាល់ទាត់បារាំងថា “ខ្ញុំកំពុងរៀបចំខ្លួន ដើម្បីហ្វឹកហាត់នៅឯទីលានហ្វឹកហាត់ Southampton ជាមួយនឹងកីឡាករផ្សេងទៀត តែខ្ញុំមិនបានអមដំណើរជាមួយក្រុមនេះទេ ។ ខ្ញុំចង់ទៅកន្លែងផ្សេងនៅរដូវក្តៅនេះ។ ខ្ញុំក៏មានការខកចិត្តយ៉ាងខ្លាំងដោយសាររបួសរបស់ខ្ញុំដែលមានរយៈពេលបួនខែ ដូច្នេះខ្ញុំពិតជាចង់ទទួលបានបទពិសោធន៍ថ្មីមួយទៀត។ ខ្ញុំត្រៀមផែនការរបស់ខ្ញុំ ខ្ញុំបានសំរេចចិត្តប្រាប់ថ្នាក់ដឹកនាំថា ខ្ញុំចង់ចាកចេញ។ ពិតណាស់វាមានហានិភ័យ ប៉ុន្តែខ្ញុំដឹងថាអ្វីដែលខ្ញុំមាន នោះគឺសមត្ថភាពខ្ញុំ ហើយខ្ញុំនឹងបង្ហាញថា ខ្ញុំអាចធ្វើឲ្យបានកាន់តែល្អបំផុត។ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយដើម្បីបន្តទៅមុខទៀត” ។

ម្យ៉ាងវិញទៀត Arsenal និង Manchester United បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការចុះហត្ថលេខាជាមួយ Lemina ហើយខ្សែបំរើរូបនេះ និងបានបង្ហាញថា គាត់នឹងរីករាយក្នុងការចូលរួមក្លឹប ទោះបីជាពួកគេកំពុងលេងនៅក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយក៏ដោយ។

ទោះជាយ៉ាងណានៅពេលសួរថា តើគាត់ចង់ចូលរួមក្លឹបមួយនៅក្នុងក្របខ័ណ្ឌ Champions Leagueឬទេ? កីឡាករ Lemina បានឆ្លើយតបថា “វាគឺជាប្រាក់រង្វាន់មួយសម្រាប់ខ្ញុំ ប្រសិនបើខ្ញុំមានឱកាសលេងនៅរដូវកាលនេះ ខ្ញុំត្រូវលេង។ ខ្ញុំចង់បង្ហាញដល់មនុស្សគ្រប់គ្នានូវអ្វីដែលខ្ញុំអាចធ្វើបាន៕