Napoli បដិសេធលុយ 103 លានអឺរ៉ូ របស់ Man Utd ចំពោះការចុះហត្ថលេខាលើខ្សែការពាររបស់ខ្លួន

នេះបើយោងតាមសារព័ត៌មានរបស់ Corriere dello Sport បានបញ្ជាក់ថា Napoli បានបដិសេធលុយ 103 លានអឺរ៉ូ របស់ Man Utd ចំពោះការចុះហត្ថលេខាលើខ្សែការពាររបស់ខ្លួន កីឡាករ Kalidou Koulibaly ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចូលរួមជាមួយ Napoli តាំងពីឆ្នាំ ២០១៤មកម្លេះ ហើយបច្ចុប្បន្នក្រុមរបស់លោក Jose បានដាក់សំណើរក្នុងទឹកប្រាក់យ៉ាងច្រើន ដើម្បីទាក់ទាញកីឡាកររូបនេះមកកាន់ទឹកដីអង់គ្លេស តែត្រូវ Napoli បដិសេធ។

ក្លឹបបីសាចក្រហម ក្នុងក្របខ័ណ្ឌ Premier League ចង់ធ្វើឱ្យ Koulibaly ជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈពេលដែលពួកគេសម្លឹងមើលការពង្រឹងផ្នែកការពារបន្ថែមទៀត។

ប្រធានក្លិប Napoli លោក Aurelio De Laurentiis ភ្លាមៗបានច្រានចោលសំណើនេះ ហើយមានបំណងចង់រក្សាកីឡាកររូបនេះ ក្នុងរដូវកាលនេះសិន ដោយមិនចង់ឲ្យចាកចេញទៅណាទេ៕