Nicolas Pepe ឆ្លើយតបនឹង Arsenal ស្របពេលដែល Chelsea និង Man City កំពុងត្រៀមលុយ

យោងតាមព័ត៌មាន Metro របស់អង់គ្លេសបានបញ្ជាក់ថា តារាឆ្នើមរបស់ក្លិប Lille កីឡាករ Nicolas Pepe បានស្វាគមន៍ចំពោះពាក្យចចាមអារ៉ាម ដែលទាក់ទងនឹងរូបគេ ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅខាងមុខនេះ បើទោះបីជាក្រុមកាំភ្លើងធំ នឹងប្រឈមការប្រកួតប្រជែងពីក្រុមតោខៀវ Chelsea និង មេឃខៀវ Manchester City ក៏ដោយ។

 

កីឡាករវ័យ 23 ឆ្នាំរូបនេះ បានរីករាយជាមួយនឹងការប្រកួតនានា ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានចំនួន 8 គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៥ដង និងជួយឱ្យក្រុម Lille ឡើងទៅឈរក្នុងចំណាត់ថ្នាក់ទី 3 ក្នុងតារាង Ligue 1 របស់បារាំង។

គិតមកដល់សប្ដាហ៍ទី ១២នេះ ខ្សែប្រយុទ្ធ Kylian Mbappe កំពុងតែកាន់កាប់កំពូលតារាង ដែលជាអ្នករកគ្រាប់បានច្រើនជាងគេរហូតដល់ទៅ ១១គ្រាប់ និងតាមពីក្រោយដោយកីឡាករ Emiliano មាន ១០គ្រាប់, កីឡាករ Neymar មាន ៩គ្រាប់, កីឡាករ Nicolas Pepe មាន៨គ្រាប់ ជាដើម។

ខ្សែប្រយុទ្ធអន្តរជាតិកូឌីវ័ររូបនេះ ក៏បានមើលឃើញអំពីទាក់ទងទៅ ចំពោះការផ្លាស់ប្តូរទៅកាន់ក្រុម Arsenal ខណៈពេលដែលក្លិបយក្សរបស់អាល្លឺម៉ង់ Bayern Munich និង Borussia Dortmund ក៏ត្រូវបានគេរាយការណ៍ថា កំពុងផ្ដោតការចាប់អារម្មណ៍ផងដែរ។

Pepe អាចនឹងមានតម្លៃខ្លួនលើសពី 44 លានផោន ស្របពេលដែល RMC Sport បានអះអាងថា Chelsea ក៏កំពុងរៀបចំខ្លួនដើម្បីចរចារជាមួយ Lille សម្រាប់ខ្សែបម្រើស្លាបរូបនេះផងដែរ។

ទោះជាយ៉ាងណា Pepe បានច្រានចោលរួចហើយ អំពីការចាកចេញពី Lille នៅក្នុងខែមករាខាងមុខនេះ ព្រោះគាត់ចង់នៅជួយក្រុម ឱ្យទទួលបានកៅអីក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ ប៉ុន្តែបានបើកទ្វារឆ្ពោះទៅកាន់ការផ្លាស់ប្តូរនៅរដូវក្តៅខាងមុខ។

ចំណង់ចំណូលចិត្តរវាងក្រុម Dortmund, ក្រុម Bayern ឬ Arsenal? Pepe បានប្រាប់ Telefoot ថា “ពួកគេជាក្លឹបធំៗ ទាំងអស់ ខ្ញុំមិនដឹងពីពាក្យចចាមអារ៉ាមទាំងនេះប៉ុន្មានទេ តែបើចឹងមែននោះគឺជាការល្អ”៕