គ្រូបង្វឹក ប៉ទុយហ្គាល់ថា គ្មានឈ្មោះ Ronaldo ក្នុងបញ្ជីរសម្រាប់ការប្រកួតខាងមុខនេះឡើយ

ប៉ទុយហ្គាល់នឹងត្រូវទៅជួបក្រុមជម្រើសស្កុតឡែនសម្រាប់ប្រកួតមិត្តភាព និងជួបប៉ូឡូញសម្រាប់ការប្រកួត UEFA National League នៅខែតុលានេះ លោក Fernando Santos ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ ប៉ទុយហ្គាល់បានបញ្ជាក់ថា Ronaldo ដែលជាខ្សែប្រយុទ្ធសេះបង្កង់ គឺមិនមានឈ្មោះក្នុងបញ្ជីរឡើយ។

ម៉្យាងវិញទៀត គេមិនបានដឹងច្បាស់ពីមូលហេតុឲ្យពិតប្រកដឡើយ ព្រោះគ្រូបង្វឹករូបនេះមិនបានបញ្ជាក់អ្វីបន្ថែមឡើយ។ ហើយកាលពីខែកញ្ញាកន្លងទៅ លោកSantos បាននិយាយដែរថា អតីតខ្សែប្រយុទ្ធនៃក្លឹបReal Madrid ក៏បានខកខានលេងក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិក្រូអាត និងអ៊ីតាលីដោយសារតែរូបគេត្រូវការសម្រាកយកកម្លាំង។

បច្ចុប្បន្ន Ronaldo ហាក់ដូចជាមានរឿងរ៉ាវមិនល្អច្រើនបន្តិច ដោយសារទើបតែទទួលបានកាតក្រហមមួយពេលប៉ះ Valencia ហើយធ្វើឲ្យខកខានមិនបានលេង Champions League មួយប្រកួតទៀត នៅពេលប៉ះជាមួយក្រុម Young Boys និងជាពិសេស កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Ronaldo ត្រូវបានស្ដ្រីម្នាក់ចោទប្រកាន់ថា បានចាប់រំលោភរូបនាង កាលពីឆ្នាំ ២០០៩ ក្នុងសណ្ឋាគារមួយនៅសហរដ្ឋអាមេរិក។

ក្រុមមេធាវីការពារក្ដីរបស់ CR7 កំពុងតែជួយខ្នះខ្នែងក្នុងការការពារក្ដីនេះ ខណៈពេលដែលម្ចាស់ខ្លួនបានចេញមុខបកស្រាយម្ដងហើយម្ដងទៀតថា នេះ​មិនមែន​ជាការពិតនោះទេ។ ឥឡូវ​ក្រុម​ប៉ូលីល​ក្នុង រដ្ឋ Las Vegas ក៏កំពុងតែសើបអង្កេតបន្ថែមអំពីររឿងនេះផងដែរ៕

Leave A Comment

Your email address will not be published. Required fields are marked *