Real Madrid ត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមយក Neymar ឬ Mbappe

បើតាមការចេញផ្សាយដោយ The Goal បានឲ្យដឹងថា ក្លឹប PSG អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករមួយ ក្នុងចំណោមកីឡាកររបស់ពួកគេទាំងពីរនាក់ ដោយសារតែទាក់ទងនឹងរឿង បញ្ហាការចំណាយហួសប្រមាណរបស់ក្លឹប ឬហៅថា Financial Fair Play ។


បច្ចុប្បន្ន UEFA កំពុងតែស៊ើបអង្កេតលើការទិញយក Neymar និង Mbappe របស់ PSG ដែលបានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលលើសពីបទបញ្ជា របស់ច្បាប់ UEFA ក្នុងការរំលោភលើគោលការហិរញ្ញវត្ថុ និងមិនសមាមាត្រទៅនឹងចំណូលរបស់ក្លឹបនៃរដូវកាលនិមួយៗ។


គួរបញ្ជាក់ផងដែរថា កីឡាករទាំងពីរត្រូវបានក្លឹបអ្នកមានបារាំងមួយនេះទិញមកក្នុងតម្លៃ ២២២លានអឺរ៉ូ សម្រាប់ Neymar ពីក្លឹប Barcelona និងតម្លៃ ១៨០លានអឺរ៉ូ សម្រាប់ Mbappe ពីក្លឹប Monaco។ ដោយសារការចំណាយច្រើនបែបនេះហើយ ទើបធ្វើឲ្យ UEFA បើកការស៊ើបអង្កេតទៅលើក្រុម PSG ក្នុងការចំណាយលុយច្រើនហ៊ួសប្រមាណ ដែលធ្វើឲ្យប៉ះពាល់ដល់ច្បាប់ក្នុងការចំណាយចំពោះការទិញកីឡាករ។


សារព័ត៌មានខាងលើបន្តថា ប្រសិនបើ UEFA រកឃើញថា ក្លឹប Paris Saint-Germain ពិតជាបានល្មើសនឹងច្បាប់មែន នោះក្លឹបត្រូវតែបង្ខំចិត្តលក់កីឡាករមួយ ក្នុងចំនោមអ្នកទាំងពីរ ហើយក្លឹប Real Madrid ក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមយក Neymar ឬ Kylian Mbappe តែNeymar ត្រូវបានគេជឿជាក់ថា ទំនងជាអាចចាកចេញពីក្លឹប Paris ច្រើនជាង Mbappe ៕