Ronaldo បានបង្ហាញពីមូលហេតុដែលគាត់ចាកចេញពី Real Madrid

តាមប្រភពពី The Goal បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បាននិយាយថា គាត់មិនត្រូវបានក្លឹបឲ្យតម្លៃខ្ពស់ នៅក្នុងរដូវកាលចុងក្រោយរបស់គាត់នៅ Santiago Bernabeu និងតំណែងរបស់គាត់ក្នុងក្រុម ត្រូវបានផ្លាស់ប្ដូរយ៉ាងខ្លាំង ដែលនាំឱ្យគាត់សម្រេចចិត្តចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅមុននេះ មកកាន់ក្លឹប Juventus។

កីឡាករវ័យ 33 ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមម្ចាស់ជើងឯកអ៊ីតាលីក្នុងតម្លៃ 100 លានផោន ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីធ្លាប់រួមរស់ជាមួយ Real Madrid អស់រយៈពេល 9 ឆ្នាំកន្លងមក។

ក្រុមអធិរាជស បានឈ្នះពានរង្វាន់ Champions League ៣លើកជាប់ៗគ្នា ក្នុងអំឡុងពេលពីរបីរដូវកាលចុងក្រោយរបស់គាត់នៅក្នុងក្លឹប ប៉ុន្តែនៅពីក្រោយការប្រកួត តារាឆ្នើមពូកែស៊ុតរូបនេះ មិនសប្បាយចិត្តជាមួយនឹងរបៀបដែលក្លឹបបានធ្វើចំពោះគាត់ឡើយ។

Ronaldo បានពិភាក្សា អំពីទំនាក់ទំនងរបស់គាត់ជាមួយប្រធានក្លឹប Florentino Perez ដែលបានប្រែទៅជាជូរចត់ បើទោះបីជាគេគ្រប់គ្នាឃើញភាពជោគជ័យនៅលើទីលានរបស់ក្រុមក៏ដោយ។

ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមថា: “ខ្ញុំមានអារម្មណ៍មិនល្អនៅក្នុងក្លិប ជាពិសេសសម្រាប់ប្រធានក្លឹប ខ្ញុំមិនត្រូវបានគេគិតដូចពីមុនទៀតឡើយ ដូចអ្វីដែលខ្ញុំធ្លាប់បានចាប់ផ្តើម។ សម្រាប់រយៈពេល 4 ឬ 5 ឆ្នាំដំបូង ខ្ញុំមានអារម្មណ៍ថា ខ្ញុំជា Cristiano Ronaldo របស់ក្លឹប ហើយបន្ទាប់មកវាក៏បាត់បង់បន្តិចម្ដងៗ”។

“ប្រធានក្លឹប មើលមកខ្ញុំ តាមរបៀបដែលបង្ហាញថា ខ្ញុំមិនមែន មិនអាចខ្វះបានដូចលើកមុនទៀតឡើយ <ប្រសិនបើអ្នកយល់នៅអ្វីដែលខ្ញុំចង់មានន័យ> នោះគឺជាអ្វី ដែលធ្វើឱ្យខ្ញុំ គិតអំពីការចាកចេញ”។

គួរបញ្ជាក់ផងដែរថា Zinedine Zidane បានចាកចេញពី Bernabeu ដោយលាលែងពីតំណែង ប៉ុន្មានថ្ងៃបន្ទាប់ពីក្លឹបបានឈ្នះពានរង្វាន់ Champions League ឆ្នាំ 2018 ជាមួយនឹងជ័យជម្នះ 3-1 លើក្រុម Liverpool ហើយ ត្រូវបានគេចាត់ទុកថា វាមាន ឥទ្ធិពលលើការសម្រេចចិត្តចុងក្រោយរបស់ Ronaldo។

ខ្សែប្រយុទ្ធ Juve បានបន្ថែមថា “ការសម្រេចចិត្តរបស់ខ្ញុំក្នុងការចាកចេញ គឺមិនផ្អែកលើZidaneទេ។ វាគឺគ្រាន់តែជាផ្នែកដ៏តូចមួយប៉ុណ្ណោះ តែអ្វីដែលខ្ញុំគិតគឺ អំពីស្ថានភាពនៅក្នុងក្លិប” ។

បន្ទាប់ពីបានមកចូលរួមជាមួយសេះបង្កង់ Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួន 7 គ្រាប់ ក្នុងការបង្ហាញខ្លួន 12 លើកដំបូងរបស់គាត់ និងថ្មីៗនេះ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ បានស៊ុតបញ្ចូលទីទាំងពីរគ្រាប់ក្នុងជ័យជម្នះ 2-1 លើក្រុម Empoli ដើម្បីកាន់កាប់កំពូលតារាងក្របខ័ណ្ឌអីតាលី Serie A ៕