Sokratis ប្រាប់ចំនុចដែល Arsenal ត្រូវធ្វើឱ្យប្រសើរឡើង ពេលប៉ះជាមួយ Tottenham

កីឡាករ Sokratis Papastathopoulos ជឿជាក់ថាក្រុមកាំភ្លើងធំ Arsenal នឹងត្រូវធ្វើឱ្យប្រសើរឡើងនូវត្រង់ការស៊ុតបញ្ចូលទី និងការគ្រប់គ្រងបាល់របស់ពួកគេ មុនពេលការប្រកួតនៅភាគខាងជើងទីក្រុងឡុងដ៍នៅចុងសប្តាហ៍ក្រោយនេះមកដល់។


ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជម្នះ បន្ទាប់ពីស្មើរ 3លើកជាប់ៗគ្នា ដោយលទ្ធផល 2-1 លើក្រុម Bournemouth ប៉ុន្តែ លោក Unai Emery បានសារភាពថា គាត់ចង់បានឲ្យល្អជាងនេះ ក្រោយពីលេងហាក់មិនសូវបានល្អនៅក្នុងលើទឹកដី Dean Court ។


ទម្រង់លេងរបស់កាំភ្លើងធំ ធ្វើបានល្អគួរឱ្យកត់សម្គាល់ បន្ទាប់ពីទទួលជ័យជម្នះ 11 ប្រកួតដែលធ្វើបានចាប់ពីខែសីហា ដល់ខែតុលា ប៉ុន្តែពួកគេនៅតែឈរនៅលេខរៀងទី៥ និងតាមពីក្រោយតោខៀវ Chelsea មួយពិន្ទុ។

ក្រុមកាំភ្លើងធំ Arsenal នឹងឡើងទៅឈរក្នុងតារាង Top 4 សារជាថ្មី ប្រសិនបើពួកគេអាចផ្តួល ក្រុមលោក Mauricio Pochettino មាន់ខ្នាយមាស Tottenham ក្នុងទឹកដី Emirates បាន។


Sokratis ថា យើងមានសង្ឃឹមប្រហែល 70 ទៅ 80 ភាគរយ ហើយពិតណាស់យើងត្រូវតែកែលម្អ ជាការពិតណាស់យើងចង់ឲ្យ Arsenal នៅក្នុងក្រុមកំពូលៗទាំង៤ នៅ Premier League ៕