ស្ថិតិខ្លះៗសម្រាប់គូពិសេសយប់នេះ ហង្សក្រហម និងមាន់ខ្នាយមាស

គួរបញ្ជាក់ផងដែរថា Tottenham Hotspur នឹងបើកទ្វារកីឡដ្ឋាន Wembley របស់ខ្លួនស្វាគមន៍ Liverpool ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្ដាហ៍ទី៥ នៅថ្ងៃយប់ថ្ងៃសៅរ៍នេះ ហើយវាក៏ជាគូពិសេសប្រចាំសប្ដាហ៍នេះផងដែរ។


ជំនួបគ្នាលើកនេះ ក្រុមមាន់ខ្នាយមាស Spurs រំពឹងថានឹងស្រង់ដើមបានវិញក្រោយរបូត៣ពិន្ទុក្រោមស្នាដៃ Watford កាលពីសប្ដាហ៍ទី៤ ស្របពេលដែល Liverpool សម្លឹងការរក្សាកំណត់ត្រាមិនចាញ់ ដោយឈ្នះទាំង៤ប្រកួតជាប់គ្នា។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលមុន ក្រុមមាន់ខ្នាយមាសធ្វើបានល្អជាង ព្រោះបានយកឈ្នះ Liverpool ៤-១ នៅជើងទីមួយ និងស្មើ ២-២ នៅជើងទី២។ ខណៈពេលប្រវត្តិជួបគ្នា៦ដងចុងក្រោយនេះ គឺស្មើគ្នា ៣ដង និងLiverpool ឈ្នះ២ដង ឯSpur ឈ្នះ១ដង។


ម៉្យាងវិញទៀត ខ្សែប្រយុទ្ធ Dele Alli មានរបួសសរសៃពួរនឹងអវត្តមាន ដូចគ្នាជាមួយអ្នកចាំទី Hugo Lloris រីឯ Son Heung-min ដែលទើបតែជួយកូរ៉េឈ្នះមេដាយមាសអាស៊ីបានត្រឡប់មកវិញហើយ តែមិនទាន់ច្បាស់ថាគ្រូបង្វឹកនឹងដាក់រូបគេលេងឬក៏អត់នៅឡើយទេ។


កូនសោសំខាន់ក្រុមទាំងពីរប្រាកដណាស់គឺខ្សែប្រយុទ្ធជួរមុខ Harry Kane និង Mohamed Salah។ Liverpool ស៊ុតចូល៣គ្រាប់ពេលប៉ះ Spurs កាលពីរដូវកាលមុន សុទ្ធតែជាថ្វីជើងរបស់ Salah ទាំងអស់។ ដោយឡែក Kane វិញបានបង្កើតឲ្យមានគ្រាប់បាល់ដល់ទៅ៧គ្រាប់ ក្នុងការប្រកួតទល់នឹង Liverpool ៧ដង ដោយក្នុងនោះស៊ុតខ្លួនឯង៥គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន២គ្រាប់ ៕

Leave A Comment

Your email address will not be published. Required fields are marked *