Wenger ប្រាប់មួលហេតុដែល Sanchez កំពុងជាប់គាំងជាមួយ Man Utd

ខ្សែប្រយុទ្ធឈីលីរូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលកំពុងមានភាពត្រដាបត្រដួសខ្លាំងជាមួយក្រុមបិសាចក្រហម បន្ទាប់ពីការមកដល់កាលពីខែមករា ជាមួយនឹងតម្លៃប្រាក់ឈ្នួលសប្ដាហ៍ប្រមាណជាង ៥០ម៉ឺនផោន។

Alexis Sanchez បានបាត់បង់ទំនុកចិត្តជាខ្លាំង នេះបើតាមសំដីរបស់លោក Arsene Wenger អតីតគ្រូបង្វឹករបស់ក្រុម Arsenal ជាមួយនឹងភាពមិនសូវជោគជ័យក្នុងការរកគ្រាប់បាល់ឱ្យក្លឹប Manchester United ។

កីឡាករអាមេរិចខាងត្បូងរូបនេះ មានភាពរីកចំរើនយ៉ាងខ្លាំង ពេលដែលនៅកីឡដ្ឋាន Emirates អំឡុងពេលគាត់នៅក្រោមគ្រូបង្វឹកចាស់វស្សា Wenger នាភាគខាងជើងទីក្រុងឡុង។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានសំរេចចិត្តចាកចេញ នៅខែមករា ដើម្បីរកវាលស្មៅថ្មី លើទឹកដី Old Trafford ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយក្រុមកាំភ្លើងធំ Arsenal ក៏ជិតដល់ពេលបញ្ចប់ផងដែរនៅពេលនោះ។

Alex Ferguson and Arsene Wenger

លោក Wenger មានការសោកស្តាយ ដែលឃើញអតីតកីឡការរបស់ខ្លួន មានការជាប់គាំងយ៉ាងខ្លាំង និងបានប្រាប់ beIN SPORTS ថា “ខ្ញុំជឿជាក់ថា គាត់កំពុងបាត់បង់ទំនុកចិត្ត និងភាពរឹងមាំ ហើយAlexis Sanchez គឺត្រូវតែស្វែងរកវិធានការផ្សេងៗ ដើម្បីឱ្យមានភាពរីកចំរើន និងនាំយកវាមកវិញ”

“ចាប់តាំងពីការចាប់ផ្តើមនៃរដូវកាលនេះ តាមការពិតគាត់មានថាមពលរាងកាយខ្ពស់ល្អ ប៉ុន្តែគាត់ក៏បានបាត់បង់បន្តិចម្ដងៗ។ “ពិតណាស់ គាត់ត្រូវបាន Mourinho ទុកគាត់ចោលអស់មួយរយៈ”

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការមកដល់ទឹកដី Old Trafford ខ្សែបម្រើប្រយុទ្ធរូបនេះ ទើបតែរកគ្រាប់បាល់ឲ្យក្រុមបីសាចក្រហមបាន ៤គ្រាប់តែប៉ុណ្ណោះ និងមិនសូវបានបង្ហាញខ្លួនសម្រាប់ជម្រើស ១១នាក់ដំបូងរបស់ លោក Jose Mourinho ឡើយ រហូតដល់មានពាក្យចរចាមអារាមថា គាត់នឹងចាកចេញនៅខែមករាខាងមុននេះទៀតផង៕