ហេតុអ្វីបាន Arsenal មិនផ្តល់កុងត្រាថ្មីឱ្យ Ramsey

ចាប់តាំងពីក្រុមកាំភ្លើងធំ Arsenal បានដកការផ្តល់ជូននៅកុងត្រាថ្មីសម្រាប់ ខ្សែបម្រើ Ramsey មក ការចុះហត្ថលេខាថ្មីនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយគាត់អាចនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះផង។

គួរបញ្ជាក់ដែរថា Ramsey គឺជាកីឡាករដែលធ្លាប់ជួយក្លឹបឲ្យឈ្នះ ពានរង្វាន់ FA Cup បីដង និងស៊ុតបញ្ចូលទីបាន 58 គ្រាប់ ក្នុង បង្ហាញខ្លួន 335 ប្រកួត ហើយក៏កំពុងតែជួយក្រុមក្នុងការប្រកួតផ្សេងនៅ Arsenal នារដូវកាលនេះផងដែរ ជាពិសេស Aaron Ramsey គឺជាកីឡាករឆ្នើមម្នាក់ក្នុងក្រុម Arsenal កាលពីប៉ុន្មានឆ្នាំមកនេះ។

កាលពីខែសីហា នៅពេលដែល Unai Emery បានរៀបរាប់ថា Ramsey គឺជា “កីឡាករសំខាន់” ដែលមានសមត្ថភាពដើម្បីក្លាយជាប្រធានក្រុមនាពេលអនាគត។ ហេតុដូច្នេះហើយ គេតែងតែសួរថា “ហេតុអ្វីបានជាកីឡាករវ័យ 27 ឆ្នាំរូបនេះត្រូវបានក្រុមកាំភ្លើងធំសុខចិត្តអនុញ្ញាតឱ្យគាត់ចាកចេញដោយគ្មានតម្លៃខ្លួន ហើយទំនងជាអាចនឹងត្រូវទៅកាន់ក្លឹបធំៗផ្សេងទៀតផង”។

មានការប៉ាន់ស្មានបានបង្ហាញថា ប្រាក់ខែ និងប្រាក់កម្រៃផ្សេងៗសម្រាប់កីឡាករបានកើនឡើង ជាពិសេសវិក័យប័ត្រប្រាក់ខែរបស់ក្លឹបកាំភ្លើងធំ Arsenal ក៏ជាក្លឹបមួយដែលចំណាយខ្ពស់ផងដែរនៅក្នុងក្របខ័ណ្ឌ Premier League ដែលមានកំណត់ត្រាប្រចាំឆ្នាំ ខ្ពស់ជាង 200 លានផោន (ស្មើនឹង 262 លានដុល្លារអាមេរិក) ។

ខ្សែបម្រើ Mesut Ozil គឺជា កីឡាករដែលត្រូវចំណាយច្រើនជាងគេបំផុតរបស់ក្លឹប ក្នុងតម្លៃជាង 300,000 ផោនក្នុងមួយសប្តាហ៍ ខណៈពេលដែលការចុះហត្ថលេខាថ្មីលើកីឡាករ Pierre-Emerick Aubameyang និង Henrikh Mkhitaryan ក៏កំពុងស្ថិតក្នុងការចំណាយខ្ពស់ផងដែរកាលពីខែមករា។

Jamie Carragher បានសរសេរនៅលើបណ្តាញសារព័ត៌មាន Daily Telegraph ថា “វាច្បាស់ណាស់ថា ប្រាក់កម្រៃ និងប្រាក់ឈ្នួល នៅក្នុងទឹកដី Emirates គឺខ្ពស់ពេក។ ដូចនេះ ក្លឹបអាចនឹងឲ្យ Aaron Ramsey ចាកចេញ ព្រោះមិនចង់ចំណាយច្រើន ហើយក្រុមលោក Unai Emery នឹងត្រូវកម្រឹតការចំណាយផ្សេងៗច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”។

ម៉្យាងវិញទៀត ចំពោះការសម្រេចចិត្តក្នុងការច្រានចោលកុងត្រាថ្មីរបស់ Arsenal គឺជំនឿរបស់ Emery ទៅលើជម្រើសខ្សែបម្រើកណ្តាលដែលអាចជំនួសកីឡាករ Ramsey មានកីឡាករ Matteo Guendouzi និង Lucas Torreira ដែលទើបតែចុះហត្ថលេខាថ្មីៗនេះ និងជាកីឡាករវ័យក្មេងផង ខណៈពេលដែល Ainsley Maitland -Niles អាចបន្តនៅជាមួយ Arsenal ។ ខ្សែបម្រើវ័យក្មេង Joe Willock និង Emile Smith Rowe ដែលកំពុងតែ សុបិនក្លាយជាជម្រើសរបស់ក្រុមកាំភ្លើងធំផងដែរនេះ៕