ក្រុមកាំភ្លើងធំ Arsenal ឈានជិតដល់កិច្ចបញ្ចប់ក្នុងការចុះហត្ថលេខាទិញយកខ្សែបម្រើក្លឹប Barcelona

នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Metro បានឲ្យដឹងថា ខ្សែបម្រើកណ្ដាលរបស់ក្លិប Barcelona កីឡាករ Denis Suarez ជិតបញ្ចប់ការចុះកិច្ចសន្យាមួយជាមួយក្រុមកាំភ្លើងធំ Arsenal ក្រោយពីមិនសូវបានបង្ហាញខ្លួនលើទឹកដី Camp Nou ។


ខ្សែបម្រើរូបនេះបានបង្ហាញខ្លួនត្រឹមតែពីរលើកប៉ុណ្ណោះ សម្រាប់រដូវកាលនេះ ខណៈពេលដែល Suarez ធ្លាប់បានធ្វើការជាមួយ Emery កាលនៅឯក្លឹប Sevilla ហើយក្រុមកាំភ្លើងធំត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ប្រមាណ ២០លានផោន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ ។ ការមកដល់របស់កីឡាករអេស្ប៉ាញនេះនឹងត្រូវបានគេមើលឃើញថា ជាការជំនួសកីឡាករ Aaron Ramsey ដែលមើលទៅអាចនឹងទៅចូលរួមជាមួយ Juventus ក្នុងការផ្ទេរដោយឥតគិតថ្លៃ។

កីឡាករវ័យ ២៤ឆ្នាំ សញ្ជាតិអេស្បាញរូននេះ ក៏ត្រូវបានតាមដានដោយក្រុម Roma និង AC Milan មុនពេលក្រុមកាំភ្លើងធំ ដាក់សំណើរដើម្បីមកកាន់ទឹកដី Emirate ។ ខ្សែបម្រើកណ្តាលរូបនេះក៏ធ្លាប់បានចំណាយពេល 2 ឆ្នាំនៅសាលាហ្វឹកហាត់របស់ក្លឹប Manchester Cityដែរ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ដោយសារតែគាត់នឹកផ្ទះ។


Emery ចង់ពង្រឹងខ្សែការពារកណ្តាលនៅក្នុងខែមករា ប៉ុន្តែក្លឹបកាំភ្លើងធំមានពេលខ្លី និងហាក់មិនសូវចាយលុយច្រើននោះទេ ដូចនេះពួកគេអាចនឹងលក់កីឡាករមុននឹងពួកគេទិញចូលបន្ថែមទៀត៕