ផ្លូវការ៖ Arsenal បញ្ជាក់ពីពេលវេលាដែល Holding នឹងត្រូវសម្រាកព្យាបាលរបួស

កាលពីម្សិលមិញ ក្លឹប​ Arsenal បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​ថា​ ខ្សែ​ការពារ​របស់​ខ្លួន​ កីឡាករ​ Rob Holding នឹង​អវត្តមាន​ពី​ទីលាន​រយៈពេល​ពី ៦​ខែ ទៅ ៩​ខែ​ ដោយ​សារ​តែ​ដាច់​សរសៃ​សន្លាក់​នៅ​ជង្គង់​ឆ្វេង​របស់​គេ ក្នុងកំឡុងពេលប្រ​ប្រកួតជាមួយក្លឹប Manchester United។

ខ្សែការពារវ័យក្មេងរូបនេះ នឹង​ធ្វើ​ការ​វះ​កាត់​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​របស់ក្លឹប​។ ការ​របួស​របស់ Holding បាន​បង្ក​ជា​វិបត្តិ​ខ្សែ​ការពារ​របស់​លោក Unai Emery ពីព្រោះ​ថា​ មាន​តែ​ខ្សែ​ការពារ​កណ្ដាល​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ គឺ​ Sokratis Papastathopoulos និង Shkodran Mustafi ដែល​មាន​កាយសម្បទា​ល្អ ខណៈដែលមានខ្សែការពារឆ្នើមផ្សេងទៀក៏កំពុងតែរងរបួសផងដែរ ដូចជា nacho monreal, koscielny ជាដើម។

សូម​បញ្ជាក់​ថា​ Holding បាន​ចាប់​ផ្ដើម​ក្នុង​ជម្រើស​ ១១​នាក់​ដំបូង​របស់ Arsenal ក្នុង​ ៩​ប្រកួត​ចុង​ក្រោយ​ និង​ជា​កីឡាករ​សំខាន់​មួយ​ក្នុង​ការ​ជួយ​ឲ្យ​ Arsenal បន្ត​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់​ក្លឹប នៅ​លីគ​កំពូល​អង់គ្លេស។

តាំង​ពី​ផ្ទេរ​មក​ Arsenal ក្នុង​ឆ្នាំ ២០១៦​ មកពីក្លឹប Bolton Wanderers ខ្សែ​ការពារវ័យ២៣ឆ្នាំរូបនេះ បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​បានតែ​ ៥៩​ប្រកួត​គ្រប់​កម្មវិធីតែប៉ុណ្ណោះ៕