ក្រោយ Man City ចាញ់ Chelsea- Page Man City Cambodia សរសេរអត្ថមួយ អានឡើងជក់ហ្មង

សារផ្ញើរជូនប្រិយមិត្ត Man City ជាទីស្រឡាញ់ ក្រោយទទួលបរាជ័យនៅទឹកដី Chelsea កាលពីយប់មិញ…

ព្រឹកនេះក្រោកឡើងមានអារម្មណ៍យ៉ាងណាដែរ? ពេលទៅក្រៅជួបមិត្តភក្តិត្រូវគេឌឺដងឲ្យខ្មាស់គេយ៉ាងណាដែរ? ញុាំបាយឆ្ងាញ់ដូចធម្មតាទេ? ណ្ហើយចុះ ឈប់សួរហើយ!

ក្រុមមេឃខៀវ Manchester City ត្រូវបានក្រុមតោខៀវ Chelsea ចាប់រំលោភពីរដងកាលពីយប់មិញនៅទឹកដី Stamford Bridge ក្នុងទីក្រុងឡុងដ៍ ហើយធ្វើឲ្យក្រុមរបស់លោក Pep Guardiola ក្លាយជាក្រុមមួយដែលត្រូវអស់ហ្សីន។

 

ធាតុពិត ចំពោះបរាជ័យ ក្រុមណាក៏ធ្លាប់ជួបដែរ ប៉ុន្តែដោយសារតែសមិទ្ធិផល និងកំណត់ត្រាជាប្រវត្តិសាស្រ្តជាច្រើនដែលកូនក្រុមរបស់ Pep បានធ្វើកាលពីរដូវកាលមុន និងនៅដើមរដូវកាល ២០១៨-១៩ នេះ វាបានធ្វើឲ្យបរាជ័យរបស់ Man City កាលពីយប់មិញនេះ ប្រៀបដូចជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងមួយអញ្ចឹង។

ជាការពិតណាស់ ក្រុមមួយដែលជាម្ចាស់ជើងឯក និងជាក្រុមមួយដែលមិនដែលស្គាល់រស់ជាតិចាញ់នៅក្នុងក្របខ័ណ្ឌកំពូល Premier League ដល់ទៅ ៨ ខែចុងក្រោយនេះ ប្រាកដជាត្រូវបានគេលើកយកមកនិយាយច្រើនហើយ និងជាពិសេស គឺនៅពេលដែលពួកគេទទួលរងបរាជ័យជាលើកដំបូងនៅក្នុងរដូវកាលថ្មីនេះ។

ដូចគេតែងធ្លាប់និយាយថា “នៅក្នុងលាភ វាតែងតែមានគ្រោះ រីឯនៅក្នុងគ្រោះ ក៏វាតែងតែមានលាភដែរ”។ ថ្ងៃនេះ Admin ចង់និយាយបន្តិចអំពីគុណវិប្បត្តិ និងគុណសម្បត្តិនៃការចាញ់របស់ក្រុមយើងកាលពីយប់មិញនេះ។

***គុណវិប្បតិ្ត***

ក្រោយទទួលរងបរាជ័យដោយលទ្ធផល ២-០ នៅក្នុងផ្ទះនៃម្ចាស់ជើងឯក Premier League ឆ្នាំ ២០១៧ រួចមក ពេលនេះក្រុមរបស់លោក Pep Guardiola បានធ្លាក់ពីកំពូលតារាងមកឈរនៅចំណាត់ថ្នាក់លេខពីរ ដោយមានពិន្ទុតិចជាងក្រុមលេខមួយហង្សក្រហម Liverpool ចំនួន ១ ពិន្ទុ គិតត្រឹម ១៦ ប្រកួតនាដើមរដូវកាល ២០១៨-១៩ នេះ។

រឿងអាក្រក់មួយទៀតនោះគឹ ការចាញ់ជាលើកដំបូងនេះផងដែរ មានខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមម្នាក់ទៀត គឺ David Silva ដែលទំនងជាមានបញ្ហារបួសសរសៃពួរជើង ដែលអាចនឹងធ្វើឲ្យគាត់អវត្តមានសារជាថ្មី នៅចំពេលដែលក្រុមកំពុងតែមានប្រកួតជាច្រើនសន្ធឹកសន្ធាប់នៅក្នុងខែធ្នូ និងដើមខែមករាខាងមុខនេះ។ ប៉ុន្តែបញ្ហារបួសរបស់គាត់ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ សង្ឃឹមថាគាត់មិនមានបញ្ហាអ្វីធំដំទៅចុះ។

បរាជ័យនេះ ក៏បានធ្វើឲ្យ Man City បាត់បង់នូវកំណត់ត្រាមិនដែលចាញ់ និងបាត់បង់ក្តីសង្ឃឹមដែលអាចនឹងបញ្ចប់រដូវកាលដោយមិនចាញ់ពេញមួយរដូវកាលបាន​ ដូចដែលក្រុមកាំភ្លើងធំ Arsenal ធ្លាប់បានធ្វើកាលពីរដូវកាល ២០០៣-០៤ កន្លងទៅ។

***គុណសម្បត្តិ***

បន្ទាប់ពីចាញ់ក្រុមតោខៀវ Chelsea រួច និងបន្ទាប់ពីបានធ្លាក់ចេញពីចំណាត់ថ្នាក់លេខមួយមក ពេលនេះ ស្មាទាំងសងខាងរបស់ Man City លែងធ្ងន់ទៀតហើយ ពោលគឺក្រុមមេឃខៀវ Manchester City លែងមានសម្ពាធអ្វីធ្ងន់ធ្ងរដូចកាលពីដើមរដូវកាលនេះទៀតហើយ។ ផ្ទុយមកវិញ សម្ពាធដ៏ធ្ងន់ធ្ងរនោះ នឹងត្រូវធ្លាក់ទៅលើក្រុមថ្មីដែលកំពុងតែឈរនៅកំពូលតារាងវិញម្តង ព្រោះគ្រប់គ្នានឹងរង់ចាំមើលថាតើ ពួកគេអាចបន្តឈរនៅទីកន្លែងនោះបានយូរកម្រិតណា។ សម្រាប់ក្រុមដែលមិនឈរនៅកំពូលតារាងវិញ គឺមានភាពងាយស្រួលខាងផ្លូវចិត្តជាជាងក្រុមដែលនៅចំណាត់ថ្នាក់លេខមួយ។

កីឡាករសំខាន់ៗ ដែលសុទ្ធសឹងតែជាឆ្អឹងខ្នង និងសសរទ្រូងរបស់ក្រុម Man City មានដូចជា Sergio Aguero និង Kevin De Bruyne នឹងអាចត្រឡប់មកចូលលេងវិញបានហើយ ចាប់ពីសប្តាហ៍ក្រោយទៅ។

រឿងល្អមួយទៀតនៅក្នុងការចាញ់នេះផងដែរ គឺវាហាក់បីដូចជាការយកទឹកមួយធុង ទៅជះកណ្តាលមុខកីឡាករទាំងអស់របស់ក្រុម Man City ឲ្យភ្ញាក់ខ្លួនឡើង ខំប្រឹងប្រែងបន្តឲ្យល្អជាងនេះបន្ថែមទៀត កុំឲ្យសប្បាយឈ្នះភ្លេចខ្លួន រហូតភ្លាត់ស្នៀតទទួលបានបរាជ័យនៅពេលលើកក្រោយៗទៀត។

ដូចដែល Admin បាននិយាយនៅក្នុងវីឌីអូ LIVE នៅមុនការប្រកួតកាលពីយប់មិញហើយថា បើសិនជា Chelsea មិនចាញ់ក្រុម Wolves កាលពីពាក់កណ្តាលសប្តាហ៍ទេនោះ Man City ប្រាកដជាមានសង្ឃឹមច្រើននៅក្នុងការឈ្នះប្រកួតនេះ។ ប៉ុន្តែបរាជ័យដែល Chelsea បានទទួលកាលពីសប្តាហ៍មុននោះ វាគឺជាការដាស់ស្មារតីដ៏មានឥទ្ធិពលមួយដែលជួយឲ្យពួកគេកាន់​តែខិតខំប្រឹងប្រែងបន្តទៀត រហូតទទួលបានជ័យជម្នះទៅលើក្រុម Man City។

បកទៅរដូវកាលមុន នៅពេលដែល Man City បានឈ្នះប្រកួត ១៨ ដងជាប់ៗគ្នា ដែលជាកំណត់ត្រាដ៏វែងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់អង់គ្លេស ចុងក្រោយ Man City បានត្រឹមស្មើ ០-០ ជាមួយក្រុមក្បែរបាតតារាង​ Crystal Palace នៅយប់ឆ្លងឆ្នាំ ២០១៨ និងបន្តទៅចាញ់ក្រុមហង្សក្រហម Liverpool មួយទៀតនៅចុងខែមករា ដែលជាការចាញ់ដំបូងបំផុតប្រចាំរដូវកាល ២០១៧-១៨ មុននេះ។

ក្រោយចាញ់ក្រុមរបស់លោក Jurgen Klopp រួច Man City ហាក់ដូចជាភ្ញាក់ខ្លួន និងបានបន្តឈ្នះស្ទើរគ្រប់ប្រកួតក្រោយៗនៅ Premier League រហូតភ្លាត់ចាញ់ Man United នៅទឹកដី Etihad Stadium នៅក្នុងខែមេសាកន្លងទៅ។ អ្វីដែលគួរឲ្យគាត់សម្គាល់នោះគឺ ក្រោយចាញ់ក្រុមលោក Jose Mourinho ហើយ Man City បានបន្តលេងឈ្នះស្ទើរគ្រប់ប្រកួតទាំងអស់ គិតចាប់ពី​ខែមេសា រហូតដល់​ខែធ្នូនេះ គឺមានរយះពេល ៨ ខែ រហូតទើបយប់មិញនេះ ដែលយើងបានភ្លក្សរសជាតិចាញ់។

សង្ឃឹមថា ការចាញ់លើកនេះ គឺជាការដាស់ស្មារតីឲ្យកីឡាកររបស់ក្រុម Man City យើងភ្ញាក់ខ្លួនឡើងវិញ និងធ្វើឲ្យបានល្អដូចកាលដែលទើបតែចាញ់ដូចលើកមុនៗដែរ។

រឿងល្អចុងក្រោយមួយទៀតនោះគឺ ក្រោយការប្រកួតនៅទឹកដីរបស់ Chelsea យប់មិញហើយ មានន័យថា ក្នុងចំណោមក្រុមខ្លាំងៗទាំងអស់នៅអង់គ្លេស គឺ Man City បានទៅប្រកួតនៅទឹកដីរបស់់ពួកគេរួចអស់ហើយ គឺបានឈ្នះនៅទឹកដីរបស់ Arsenal និង Spurs, បានស្មើជាមួយនឹង Liverpool និងចាញ់ Chelsea យប់មិញ។ ដូចនេះ ប្រកួត Premier League នៅវគ្គទីពីរទល់នឹងក្រុមខ្លាំងៗទាំងអស់នេះ គឺនឹងលេងនៅទឹកដី Etihad Stadium របស់ Man City ទាំងអស់ ដែលជាគុណសម្បត្តិមួយដ៏ល្អសម្រាប់ក្រុមយើង។

យើងមិនរំពឹងថា ក្រុមយើងនឹងអាចឈ្នះពួកគេទាំងអស់ទេ ប៉ុន្តែជាមួយនឹងកំណត់ត្រាក្នុងផ្ទះដ៏ល្អ ពួកយើងសង្ឃឹមថា Man City អាចនឹងធ្វើបានល្អនៅក្នុងផ្ទះបន្តទៀតនៅក្នុងរដូវកាល ២០១៨-១៩ នេះ ដើម្បីអាចបន្តយុទ្ធនាការការពារដំ​ណែងជើងឯក Premier League របស់យើង។

អត្ថបទទាំងស្រុងពី Page: Man City Cambodia