ល្បីថាគ្រូបង្វឹកថ្មីនឹងមកដឹកនាំ Real Madrid ជំនួស Solari អាទិត្យក្រោយ

ក្រុម Real Madrid បានទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League កាលពីយប់មិញខណៈដែលពួកគេត្រូវបានបំបាក់ដោយ Ajax នៅក្នុងពហុកីឡាដ្ឋានផ្ទាល់របស់ពួកគេ។ ក្រុមការពារតំណែងជើងឯកបីសម័យកាល ត្រូវបានគេលុតដោយលទ្ធផលទាំងពីរជើង Real Madrid 3-5 Ajax ក្រោមការគ្រប់គ្រងរបស់ Santiago Solari។ ហើយរបាយការណ៍ព័ត៌មានជាច្រើនបានបង្ហាញថា គ្រូបង្វឹកសញ្ញាតិអាស្សង់ទីនរូបនេះអាចត្រូវបានជំនួសក្នុងរយៈពេលមួយសប្តាហ៍ទៀត។

គួរបញ្ជាក់ផងដែរថា Santiago Solari ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Real Madrid នៅពាក់កណ្តាលរដូវកាល ដោយជំនួសលោក Julen Lopetegui។ ហើយគាត់បានព្យាយាមស្ដារស្ថានការណ៍របស់អធិរាជសឲ្យត្រលប់មកដូចដើមវិញ។

ទោះជាយ៉ាងណាក៏ដោយ ទំរង់លេងរបស់ក្រុម Real Madrid បានចាប់ផ្តើមធ្លាក់ចុះជាថ្មីម្តងទៀតកាលពីប៉ុន្មានសប្តាហ៍មុន។ ដំបូង ត្រូវបានធ្លាក់ចេញពីពាន Copa del Rey ដោយគូស្នាដៃក្រុម FC Barcelona ហើយបច្ចុប្បន្នក៏កំពង់តែឈរនៅលេខរៀងទី៣ ក្នុងក្របខ័ណ្ឌ La Liga ដែលមានតែ ៤៨ពិន្ទុ ចាញ់ក្រុម Barcelona រហូតដល់ទៅ ១២ពិន្ទុឯណោះ។ ឥឡូវនេះក្រុមលោក Solari ត្រូវធ្លាក់ចេញពីក្របខ័ណ្ឌ UEFA Champions League ផងដែរ។

របាយការណ៍ពីដុនបូឡុងបានបង្ហាញថា ការធ្លាក់ចេញយ៉ាងអាម៉ាស់មុខនេះ បានរុញច្រានប្រធានក្លឹប Florentino Perez ដែលកំពុងស្វែងរកអ្នកជំនួស Solari ក្នុងរយៈពេល 1 សប្តាហ៍។ លើសពីនេះទៅទៀត ឈ្មោះដែលត្រូវបានដាក់ឱ្យធ្វើជាបេក្ខភាពនាំមុខគេនោះគឺជាលោក Jose Mourinho។
លើសពីនេះទៅទៀត អ្នកគាំទ្រក្លឹប Real Madrid ហាក់បីដូចជា បានបង្ហាញពីទស្សនៈរបស់ពួកគេយ៉ាងច្បាស់ៗ អំពីការស្វាគមន៍ លោក Jose នៅខាងក្រៅពហុកីឡាដ្ឋានទៀតផង។

ការតែងតាំងលោក Mourinho ជាលើកទី 2 នឹងមិនមែនជាកិច្ចការលំបាកសម្រាប់លោក Perez និងក្រុម Real Madrid ឡើយ ខណៈអតីតគ្រូបង្វឹកក្លិប Man United រូបនេះ បច្ចុប្បន្នក៏មិនទាន់មានក្លិបណាកាន់នៅឡើយ។

ទោះយ៉ាងណារបាយការណ៍ផ្ទុយគ្នាបានបង្ហាញថា គាត់មិនមែនជាមនុស្សតែម្នាក់គត់ដែលត្រូវបានគេពិចារណានោះទេ ដោយមានបេក្ខភាពលោក Mauricio Pochettino និងលោក Massimiliano Allegri ផងដែរ៕