ប្រតិកម្ម Neymar និងអតីតអាជ្ញាកណ្ដាល PL ចំពោះបាល់ប៉េណាំងទី Man Utd យប់មិញ

អតីត​អាជ្ញាកណ្ដាល​របស់ Premier League លោក Peter Walton និយាយ​ថា ការ​ដែល Manchester United ទទួល​បាន​បាល់​ប៉េណាល់ទី​ចុងម៉ោង​គឺ​ជា​រឿង​ត្រឹមត្រូវ។

Walton បាន​ពន្យល់​ថា សម្រាប់​លោក​​បើ​តាម​ច្បាប់​បាន​ចែង​ការ​ពិន័យ​នេះ​គឺ​ត្រឹមត្រូវ។ មើល​តាម​សកម្មភាព Kimpembe បាន​លោត​បែរ​ខ្នង​​​​ដើម្បី​បិទ​បាល់ ប៉ុន្តែ​គេ​មិន​បាន​គ្រប់គ្រង​ដៃ​របស់​កុំ​ឲ្យ​ចេញ​ពី​ខ្លួន​នោះ​ទេ។ អាជ្ញាកណ្ដាល​បាន​ផ្ដោត​ចាប់​កំហុស​ធំ​​លើ​ដៃ ដែលវា​ឃ្លាត​ចេញ​មក​ក្រៅ។

យ៉ាង​ណា​ Neymar ដែល​អង្គុយ​មើល​ក្រុម​របស់​ខ្លួន​លេង​ពី​កន្លែង​អ្នក​គាំទ្រ​បាន​ប្រតិកម្ម​ចំពោះ​បាល់​ប៉េណាល់ទី​របស់​ Marcus Rashford ថា​មិន​សក្ដិសម​ទាល់​តែ​សោះ​។ “តើ​អាជ្ញាកណ្ដាល​ពិន័យ​បាល់​នោះ​ដោយ​របៀប​ណា? បាល់​ប៉ះ​ដៃ ពេល​កីឡាករ​បែរ​ខ្នង” ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​បង្ហោះ​លើ​ Instagram ដូច្នេះ។

Neymar បាន​ហៅ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ថា​ជា​រឿង​​ “អាម៉ាស់” ដែល​ផ្ដល់​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​ឲ្យ​ Manchester United វាយ​បក​ទម្លាក់​ Paris Saint Germain នៅ​ UEFA Champions League។​

អ្នក​គាំទ្រ​របស់ Paris Saint-Germain ហាក់​មិន​សប្បាយ​ចិត្ត​ឡើយ ​ដោយ​សារ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​យប់​មិញ​សម្រេច​ចិត្ត​ផ្ដល់​បាល់ប៉េណាល់ទី​ឲ្យ Man Utd ក្រោយ​កីឡាករ Presnel Kimpembe ព្យាយាម​លោត​បាំង​បាល់​​ពី​ការ​ទាត់​របស់ Diogo Dalot។ អាជ្ញាកណ្ដាល Damir Skomina បាន​ចង្អុល​​បាល់​ប៉េណាល់ទៅ ក្រោយ​ពិនិត្យ​មើល​ VAR ​ឃើញ​ថា​បាល់​នោះ​ប៉ះ​ដៃ។

Marcus Rashford ជា​អ្នក​សម្រេច​បាល់​ប៉េណាល់ទី​​ជួយ Man Utd ឈ្នះ​បាន​ឡើង​​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។ ត្បិត​អតីត​កីឡាករ​របស់​បិសាច​ក្រហម​មួយ​ចំនួន​ដូច​ជា Rio Ferdinand, Michael Owen និង Owen Hargreave យល់​ថា​ការ​សម្រេច​ចិត្ត​ពិន័យ​នេះ​ខុស តែ​លោក Walton បាន​បក​ស្រាយ​ថា​ ត្រូវ។

កាល​ពី​ជើង​ទី​មួយ​ Paris បាន​យក​ឈ្នះ​​ ២​-០ នៅ​ Old Trafford ធ្វើ​ឲ្យ​​ក្ដី​សង្ឃឹម​ឡើង​វគ្គ​៨​ក្រុម​របស់​ពួក​​គេ​សឹង​តែ​មាន​៩០​%​ទៅ​ហើយ​ តែ​ប្រកួត​យប់​មិញ​ Man Utd បាន​យក​ឈ្នះ​ Paris ៣-១​ វិញ​ដើម្បី​ឡើង​វគ្គ​បន្ត​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​ទាល់​តែ​សោះ។​

គួរ​រម្លឹក​ថា​ លទ្ធផល​​សរុប​របស់​ក្រុម​ទាំង​ពីរ​គឺ​ ៣-៣ ប៉ុន្តែ​ Manchester United ឡើង​ដោយ​យោង​តាម​រូប​មន្ត​ Away Goal គឺ​មាន​បាល់​ក្រៅ​ដី​ច្រើន​ជាង​រហូត​៣​គ្រាប់៕