នេះបើយោងតាមប្រភពពី សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានឲ្យដឹងថា ក្លឹបយក្សរបស់ La Liga បានផ្ដល់កុងត្រាផ្លូវការមួយដល់ Solari ហើយក្លឹប Real Madrid ក៏បានសម្រេចតែងតាំងអតីតគ្រូបណ្ដោះអាសន្នគឺលោក Santiago Solari ជាអ្នកចាត់ការពេញសិទ្ធរបស់ក្លឹបផងដែរ។
ប៉ុន្តែមិនទាន់បានប្រកាសថា មានរយៈពេលប៉ុន្មានឆ្នាំនៅឡើយទេ សម្រាប់បុរសវ័យ៤២ឆ្នាំរូបនេះ ក្នុងការចូលកាន់តំណែងកាលពីខែតុលា ថ្ងៃទី២៩ បន្ទាប់ពី Real បណ្ដេញលោក Julen Lopetgui ចេញពីតំណែង។
ក្រោមការដឹកនាំ៤ប្រកួតដំបូងកន្លងមករបស់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ក្រុមអធិរាជស Real Madrid ឈ្នះទាំង៤ដង វាជាកំណត់ត្រាល្អបំផុតមិនធ្លាប់មានអ្នកចាត់ការណាធ្លាប់ធ្វើបាន ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបឡើយ។ ៤ប្រកួតនោះគឺបានយកឈ្នះ ក្រុម Melilla, Viktoria Plzen, Real Valladolid និង Celta Vigo។
Real ស៊ុតចូលគូប្រកួត១៥គ្រាប់ និងរបូតតែ២គ្រាប់ប៉ុណ្ណោះក្រោមការដឹកនាំរបស់អ្នកចាត់ការរូបនេះ ហើយបច្ចុប្បន្នកំពុងឈរលេខទី៦ ដោយចាញ់ក្រុមកំពូលតារាង Barcelona ត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ៕